Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចាត់តំណាងនាំសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

30-10-2022 16:20

(កំពង់ធំ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានចាត់ក្រុមការងារនាំយកសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋ។

ពិធីប្រគល់ និងទទួលសម្ភារនេះ បានធ្វើឡើងក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកអនុសេនីយ៍ទោ លេន ណាលិ បានបញ្ជាក់ថា សម្ភារប្រើប្រាស់ចាំបាច់ដែលមានរាយរាយមុខដូចខាងក្រោមនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដើម្បីប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ប្រើប្រាស់ក្នុងការបម្រើអង្គភាព និងបម្រើប្រជាជនរួមមាន៖ ម៉ាស៊ីនគោយន្ត និងរ៉ឺម៉កចំនួន ៦គ្រឿង ម៉ូតូចំនួន ២៤គ្រឿង កាណូតចំនួន ៤គ្រឿង វិទ្យុទាក់ទងលើតុចំនួន ១៥គ្រឿង វិទ្យុទាក់ទងដៃចំនួន ៧៥គ្រឿង បន្ទះសូឡាសម្រាប់បញ្ជូលអាគុយចំនួន ១២គ្រឿង បន្ទះសូឡាសម្រាប់ប្រើប្រាស់បំភ្លឺភ្លើងចំនួន ១០គ្រឿង ម៉ាស៊ីនហ្វូតូកូពីខ្នាតធំចំនួន ១គ្រឿង ស៊ីម៉ងត៍ចំនួន ៣០តោន និងស័ង្កសីចំនួន ២,៥០០សន្លឹក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែគិតគូរយកចិត្តទុកដាក់ដោះស្រាយនូវរាល់ការលំបាករបស់កងទ័ព និងគ្រួសារកងទ័ពនៅគ្រប់ទីកន្លែង ហើយថ្ងៃនេះអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលនូវសម្ភារប្រើប្រាស់ជាច្រើន សម្រាប់បម្រើការក្នុងអង្គភាពក៏ដូចជាបម្រើប្រជាជន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តចាត់ចែងប្រើប្រាស់សម្ភារទាំងនេះទៅតាមបណ្ដាកងឯកភាពនីមួយៗ និងប្រើប្រាស់ឱ្យចំគោលដៅក្នុងការបម្រើអង្គភាពនិងប្រជាជន និងសូមគោរពជូនពរលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី សូមបានប្រកបតែពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕