អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និង អ្នកឧកញ៉ា គៀន ស្រីនាង ធ្វើបុណ្យកឋិនដង្ហែទៅកាន់វត្ត ធម្មគីរីបុប្ផាចំការបី នៅខេត្តកែប
30-10-2022 14:57
(ភ្នំពេញ)៖ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និង លោកស្រី អ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងសាច់ញាតិ ក៏ដូចជាថ្នាក់ដឹកនាំ-បុគ្គលិកក្រុមហ៊ុនគ្រប់ជាន់ថ្នាក់ទាំងអស់ បានមូលមតិគ្នាប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គីដង្ហែទៅកាន់វត្តធម្មគីរីបុប្ផាចំការបី ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ពិធីសូត្រមន្តប្រារព្ធពិធីបុណ្យបានធ្វើឡើងនៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនក្នុងរាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។ លុះព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២នេះ អង្គកឋិនទានត្រូវបានដង្ហែទៅកាន់វត្តធម្មគីរីបុប្ផាចំការបី ដោយមានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន។
តាមរយៈអង្គកឋិនទានេះ មានទាយទានជាច្រើនដូចជា ត្រ័យធំ ត្រ័យលាង សាដក និងបច្ច័យបួនជាដើម ត្រូវបានប្រគេនព្រះសង្ឃ។ ក្នុងនោះក៏មានបច្ច័យចំនួន ៤២,០០០,០០០រៀលផងដែរ ដើម្បីរួមចំណែកក្នុងការកសាងសាលាឆាន់។
លេីសពីនេះទៀត អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និង លោកស្រី អ្នកឧកញ៉ា គៀន ស្រី នាង បានប្រកាសទទួលបញ្ចប់ការសាងសង់ អគារសាលាឆាន់មួយខ្នងធ្វេីអំពីបេតុងអាម៉េ ដំបូលប្រក់ក្បឿង បណ្ដោយ ២២ម៉ែត្រ និង ទទឹង ១៤ម៉ែត្រ ដែលគ្រោងនឹងចំណាយថវិកាជាង ១០ម៉ឺនដុល្លារអាមេរិក៕