(ស្ទឹងត្រែង)៖ ក្រោយបញ្ចេញប្រតិបត្តិការ បង្ក្រាបក្រុមជួញដូរគ្រឿងញៀនចំនួន៣នាក់ ព្រមទាំងដកហូតថ្នាំញៀនជិត១គីឡូក្រាម កាលពីព្រឹកមិញនោះ ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើ និងលើកទឹកចិត្តដល់កងកម្លាំងអាវុធហត្ថ ខេត្តស្ទឹងត្រែង ត្រូវខិតខំកាន់តែខ្លាំងឡើង លើការបង្ក្រាបករណីគ្រឿងញៀននេះ ដើម្បីរក្សាសន្តិសុខ និងចូលរួមអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ធ្វើការស៊ើបអង្កេត និងឈានទៅដល់ការបង្ក្រាបបានមេក្លោងឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន នៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោក កៅ ខុនដារ៉ា សំណូមពរ និងលើកទឹកចិត្តដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក៏ដូចជាមន្រ្តីអនុវត្តច្បាប់ក្នុងខេត្តស្ទឹងត្រែងទាំងអស់ សូមបន្តយកចិត្តទុកដាក់ធ្វើការបង្រ្កាបបទល្មើសគ្រឿងញៀន និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែបានខ្លាំងក្លាថែមទៀត សំដៅចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឲ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់។
មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងជំនាញរបស់លោក បានបង្ក្រាប និងចាប់ខ្លួនក្រុមជួញដូរគ្រឿងញៀន នៅក្រុងស្ទឹងត្រែងតែម្តង ដោយរឹបអូសបានថ្នាំញៀនជិត១គីឡូក្រាម។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងស្ថិតក្រោមការសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការ តាមច្បាប់៕