(ភ្នំពេញ)៖ លោក ណុប រ័ត្ននិមល នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន គឺជាមហាបុរសរដ្ឋ ជាបិតាស្ថាបនិកសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជា ហេីយប្រជាពលរដ្ឋកម្ពុជា គឺជាថ្នាំទិព្វដ៏វិសិទ្ធ ដែលបានផ្តល់ថាមពលដ៏មហាសាលជូនដល់សម្ដេចតេជោ ហ៊ុន សែន ដេីម្បីបន្តដឹកនាំនាវាសន្តិភាព និងការអភិវឌ្ឍន៍លេីគ្រប់វិស័យជូនជាតិមាតុភូមិកម្ពុជា។
ការលើកឡើងបែបនេះ ក្នុងឱកាសលោក ណុប រ័ត្ននិមល ជំនួយការសម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងលោកស្រី ហ៊ីង សុខលាភ តំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងលោកស្រី ប៉ែន ចន្នី បាននាំអង្គកឋិនទានរបស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដង្ហែទៅកាន់វត្តច័ន្ទបុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងឱកាសដ៏រីករាយក្នុងវិស័យព្រះពុទ្ធសាសនា លោក ណុប រ័ត្ននិមល បានបញ្ជាក់ថា សមិទ្ធផលនានា និងកំពុងទទួលផលនាពេលនេះ បានកើតឡើងនៅក្នុងទឹកដីកម្ពុជា គឺបានមកដោយលំបាក ក្រោមការលះបង់យ៉ាងធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដេីម្បីសង្គ្រោះជាតិ និងប្រជាពលរដ្ឋ ឲ្យបានរួចផុតពីការកាប់សម្លាប់ ធ្វេីទារុណកម្មរបស់ពួកប្រជាធិបតេយ្យក្លែងក្លាយ ប៉ុល ពត និងបានខិតខំរួមគ្នាបង្កើតឡើង នៃគោលនយោបាយឈ្នះឈ្នះ រួបរួមជាតិ ផ្សះផ្សាជាតិ របស់សម្ដេចតេជោ ហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា កសាងប្រទេសពីគំនរផេះផង់ រហូតដល់បច្ចុប្បន្នមានការអភិវឌ្ឍន៍គ្រប់វិស័យ ក្លាយជាប្រទេសមួយជឿនលឿនក្នុងតំបន់អាស៊ី។
អ្វីដែលពិសេសនោះ គឺសម្តេចតេជោ ហ៊ុន សែន តែងតែរួមរស់ជាមួយប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ មិនដែលទុកប្រជាលរដ្ឋចោលនោះឡេីយ ហេីយប្រជាពលរដ្ឋ គឺជាថ្នាំទិព្វដ៏វិសិទ្ធដែលបានផ្តល់ថាមពលដ៏មហាសាលជូនដល់សម្ដេចតេជោ ហ៊ុន សែន ដេីម្បីបន្តដឹកនាំនាវាសន្តិភាព និងការអភិវឌ្ឍន៍លេីគ្រប់វិស័យជូនជាតិមាតុភូមិកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាគ្រប់តំបន់ទូទាំងប្រទេស បានរស់នៅដោយសេរីភាព និងប្រកបដោយសុខសុភមង្គល ក្រោមម្លប់ដ៏ត្រជាក់នៃ សន្តិភាព។
លោក ណុប រ័ត្ននិមល បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តការគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាបន្តទៀតដេីម្បីការពារសន្តិភាព សុភមង្គលប្រជាពលរដ្ឋកម្ពុជា ឲ្យបានជារៀងរហូត និងបន្តគាំទ្រការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏វាងវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននាពេលអនាគត។
លោក ណុប រ័ត្ននិមល បាននាំមកនូវអំណាយ និងបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន៖ អង្គរ ២០០០គីឡូ, មី ៥០កេស, ត្រីខ ៥កេសធំ, ទឹកត្រី ៥យួរ, ទឹកស៊ីអ៉ីវ ៥យួរ, ប៊ីចេង ១កេស, បច្ច័យសម្តេចតេជោ ចំនួន ១០៥លាន ២០ម៉ឺនរៀល, បច្ច័យពុទ្ធបរិស័ទ ចំនួន៩៤លាន ៨០ម៉ឺនរៀល បច្ច័យសរុបចំនួន២០០លានរៀល៕