(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីចូល​រួម​ចំ​ណែក​ជួយ​លើស្ទួយ​វិ​ស័យព្រះពុទ្ធ​សាសនា ដែលជាសាសនា​របស់​រដ្ឋ​ឲ្យកាន់តែរីក​ចម្រើនថែម​ទៀត ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យគ្រប់ថ្នាក់បានដង្ហែរអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសទៅតាមប្រពៃណីព្រះពុទ្ធសានាក្នុងវត្តសុវណ្ណបព្វតាខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំជាតិ និងថ្លែងអំណរគុណដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរក្សាបាននូវសុខសន្តិភាពគ្រប់កាលៈទេសៈ បន្តការរីកចម្រើនអាច ប្រកបការងារ រកស៊ីទទួលទាន និងបានជុំគ្នាធ្វើបុណ្យទាន ហើយអ្វីៗទាំងអស់អាចកើតមានឡើងបានតែក្នុងប្រទេសមានសុខសន្តិភាព គ្មានភ្លើងសង្រ្គាម។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសបានសុខសន្តិភាព រីកចម្រើនគ្រប់វិស័យស្មើមុខ ស្មើសិទ្ធជាមួយបណ្តាប្រទេសនានាលើលោក ហើយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នឹងដឹកនាំកិច្ចប្រជុំកំពូលនេះដោយមានការអញ្ជើញចូលរួមពីប្រមុខរាជរដ្ឋាភិបាល រដ្ឋាភិបាល ពិសេសប្រមុខរដ្ឋ នៃប្រទេសមហាអំណាចចូលរួមផងដែរ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមថែរក្សាសន្តិភាព សុខភាព អញ្ជើញទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតដើម្បីអាចទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ ឲ្យបានគ្រប់ៗគ្នា។

អង្គកឋិនទានសាមគ្គី ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ក្រុមការងារ ពុទ្ធបរិស័ទទាំងអស់បានដង្ហែរប្រទក្សិណព្រះវិហារ រួចនាំយកគ្រឿងលំដាប់នៃអង្គឋិន​ទៅ​តម្កល់ក្នុងព្រះវិហារ បន្ទាប់មកធ្វើបទនម្សការព្រះរតនត្រ័យ សមាទានសិល្ប៍រួចវេអង្គកឋិនទានប្រគេន​ព្រះសង្ឃ មាន គ្រឿងទេយ្យទាន ជាអង្គឋិនមាន៣ គឺស្បង់ ចីវរ និងសង្ឃដី ព្រមទាំងបរិក្ខា របស់អង្គ​កឋិនទាំងអស់រួមទាំងបច្ច័យសង្កត់ត្រ័យរួមមានចំនួនជាង៦០០លានរៀល មកតម្កល់ក្នុងទីអារាមសម្រាប់​កសាងនូវសមិទ្ធផលនានាក្នុងវត្តចំនួន១២។

ក្នុងនោះរួមមាន វត្តសុវណ្ណបព្វតាខ្លាកូន ចំនួន២០០លានរៀល, វត្តប្រាសាទស្រះកណ្តាលខ្ចាស់ ចំនួន១០០លានរៀល, វត្តស្វាយចាស់ ចំនួន១០០លានរៀល, វត្តកូនដំរី ចំនួន៤០លានរៀល, វត្តប្រាសាទរលំជ្រៃ ៤០លានរៀល, វត្តទ័ពសៀមស្វាយចេក ចំនួន១៩លាន១សែនរៀល, វត្តប្រជានុភាពពុទ្ធាណាចក្រមហាវិហារ ចំនួន១៩លាន១សែនរៀល, វត្តអញ្ចាញ ចំនួន៤០លានរៀល, វត្តព្រះពុទ្ធឃោសាចារទួលគោកចារាម ចំនួន១៩លាន១សែនរៀល, វត្តរតន:សុក្ខារាម ចំនួន១៩លាន១សែនរៀល, វត្តភ្នំព្រះ ចំនួន២០លានរៀល, វត្តបុស្បូវ ចំនួន២០លានរៀល៕