(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារនាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៧៥គ្រួរួសារ ដែលរស់នៅលើខ្នងទំនប់អាងភាស ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ។

នាឱកាសសំណេះសំណាលនោះ លោក សុខ លូ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់លោកយាយ លោកតា ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹកជាទីបំផុត។

លោកក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាខេត្តអាចបន្តចុះបំពេញសកម្មភាពមនុស្សធម៌បានដូចនាពេលនេះ និងបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះដែរ ប្រធានសាខាកាកបាទក្រហមខេត្ត បានគូសបញ្ជាក់ជាថ្មី ជូនបងប្អូនទាំងនោះថា ទាំងអាជ្ញាធរខេត្ត ទាំងរាជរដ្ឋាភិបាលតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ម៉ឺងម៉ាត់ ក្នុងនោះ៖ ទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ ត្រូវតែការពារ និងថែរក្សាឱ្យគង់វង់ ហើយផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋក៏ត្រូវបានការពារដោយសមស្របផងដែរ។

លោក សុខ លូ ក៏បានក្រើនរំលឹកដាស់តឿនដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើខ្នងទំនប់អាងភាសទាំងអស់ និងអ្នកមានទីលំនៅក្នុងអាងភាសទាំងអស់ថា កន្លងមកអាជ្ញាធរមូលដ្ឋានឃុំ ស្រុកនៅទីនេះបានយកចិត្តទុកដាក់គិតគូរពីការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនោះរដ្ឋបាលខេត្តក៏បានស្នើសុំដល់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្នុងអាង ដើម្បីសម្រួលពួកគាត់ឱ្យមករស់នៅលើទីតាំងសមស្របដែលអាជ្ញាធរបានរៀបចំជូន នៅថ្ងៃខាងមុខឆាប់ៗនេះផងដែរ។

ប្រជាពលរដ្ឋទាំងអស់ បានសម្តែងនូវការរីករាយជាខ្លាំងដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានលោក សុខ លូ ជាប្រធាន ដែលបាននាំអំណោយមកចែកជូនដល់ពួកគាត់ ដើម្បីជួយសម្រួលលើការលំបាកបានមួយគ្រា និងគោរពថ្លែងអំណរគុណដល់សម្តេចទាំងទ្វេ សូមសម្តេចមានសុខភាពល្អ កម្លាំងមាំមួន ជៀសឆ្ងាយពីជំងឺទាំងពួង ដើម្បីបន្តដឹកនាំប្រទេសឱ្យមានសុខសន្តិភាពបន្តទៀត។

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗ៖ អង្ករ២៥គីឡូក្រាម, មី១ កេស, ត្រីខ ១យួរ, ទឹកស៊ីអ៉ីវ១យួរ, ទឹកត្រី ១យួរ, ទឹកសុទ្ធវីឃែរ ១ កេស, សំពត់តង់១, ឃីត (មុង,ក្រមា) ១កញ្ចប់ និងធុងចម្រោះទឹកស្អាត ១ឈុតធំផងដែរ៕