(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ពេលជួបទុក្ខលំបាក រួមទាំងរងគ្រោះដោយសារគ្រោះទឹកជនន់ផងដែរ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តព្រៃវែងចំនួន ៦,១១២គ្រួសារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានប្រឹងប្រែងជម្នះនូវការលំបាកខិតខំជួយដោះស្រាយ ចំពោះការលំបាករបស់ប្រជាពលរដ្ឋ។ ជាមួយនេះ ក៏សូមថ្លែងនូវការអរគុណ និងវាយតម្លៃខ្ពស់ក្រុមការងាររបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចក្រឡាហោម ស ខេង ដឹកនាំដោះស្រាយបញ្ហានេះជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងទៅ។ ខ្ញុំពិតជាមានការអរគុណជាមួយនឹងការខិតខំទាំងអស់ របស់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលបានជួយដោះស្រាយបញ្ហា ដែលមិនទុកឲ្យប្រជាជនណាម្នាក់ ស្លាប់ដោយអត់បាយ ដែលយើងមិនបានដឹង ហើយមិនបានដោះស្រាយនោះឡើយ»

សម្តេចតេជោនាយករដ្ឋមន្ត្រី បានចូលរួមសោកស្តាយ និងចែករំលែកការលំបាកជាមួយប្រជាពលរដ្ឋទាំងអស់ ដែលបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។ សម្តេចបញ្ជាក់ថា នៅថ្ងៃទី៣០ ខែតុលានេះ ជាថ្ងៃចុងក្រោយដែលសម្តេចចុះចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត​ដែលបានជួបប្រទះនូវបញ្ហាគ្រោះទឹកជំនន់ សម្រាប់ខេត្តផ្សេងៗទៀត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចុះចែកជូនបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កសិករជំនាន់មុន ពេលជួបការលិចលង់មិនមានអ្នកជួយអន្តរាគមន៍ទេ តែបច្ចុប្បន្នខុសគ្នា គឺមានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាល មានទាំងស្រូវពូជ និងស្បៀងអាហារផ្សេងៗ ហើយសម្តេចសង្ឃឹមថា បន្ទាប់ពីទទួលបានស្រូវពូជ បងប្អូនប្រជាពលរដ្ឋ នឹងអាចស្តារឡើងវិញ នូវការបង្កបង្កើនផង។

សូមជម្រាបថា តាមបណ្តាខេត្តមួយចំនួន បានរងគ្រោះពីវិបត្តិទឹកជំនន់ អូសបន្លាយយូរ និងបង្កផលប៉ះពាល់ធំធេង សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស មានប្រមាណជិត៧ម៉ឺនគ្រួសារ និងផលប៉ះពាល់ដំណាំជិត ១សែនហិចតា ក្នុងនោះស្តារឡើងបាន៦ម៉ឺនហិចតា៕