(ក្រចេះ)៖ អង្គកឋិនសាម្គីរបស់រដ្ឋបាលខេត្តក្រចេះ ដែលផ្តួចផ្តើមដោយ លោក ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ, លោក វ៉ា ថន អភិបាលខេត្តក្រចេះ, ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត រួមមន្រ្តីរាជការ ប្រជាពុទ្ធបរិស័ទ អញ្ជើញនិមន្តព្រះសង្ឃសូត្រមន្តពិធីបុណ្យកឋិនទានរស្មីសាមគ្គីដង្ហែ ទៅវេរប្រគេនព្រះសង្ឃទាំង១៧៨វត្ត ក្នុងខេត្តក្រចេះ ដែលប្រារព្ធទៅនៅវត្តបទុមរង្សី ក្រគរ ស្ថិតក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ ដោយប្រមូលបច្ច័យបាន២១៣,៦០០,០០០រៀល និងសម្ភារផ្សេងៗជាច្រើនទៀត។
តាមប្រពៃណី និងទំនៀមទម្លាប់ បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។
ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្មសប្បាយរីករាយយ៉ាងក្រៃលែង ហើយអ្នកផ្ដើមបុណ្យតែងរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រជាដើម រួចគេនាំគ្នាហែទៅទីអារាមដែលបានកំណត់ទុក ។
វិស័យសាសនា បានដើរតួរយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអប់រំ មនុស្សឲ្យដើរតាមគន្លងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាស្នាដៃរបស់ដូនតាខ្មែរបានបន្សល់ទុក ឲ្យកូនចៅជំនាន់ក្រោយគោរពនិងប្រតិបត្តិតាម ហើយបច្ចុប្បន្នឃើញថាប្រជាពលរដ្ឋ ដែលជាពុទ្ធសាសនិក បានគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននិងមានឱកាសបាន ធ្វើបុណ្យរួមគ្នា ទៅតាម ទីតាំងនិងតំបន់នីមួយៗ។
ទាំងនេះដោយសារ ប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ មានឱកាសបានប្រព្រឹត្តធ្វើបុណ្យទៅតាម ទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនារៀងៗខ្លួន។ ដូច្នេះហើយដើម្បីធានាបាននូវសុខសន្តិភាពឲ្យបានគង់វង្សជានិរន្តន៍ យើងទាំងអស់ត្រូវតែបន្តថែរក្សា និងការពារ ប្រពៃណីទំនៀមទំលាប់ និងសាសនាដែលដូនតាបានបញ្ចូលទុកក្រោមម្លប់ សុខសន្តិភាពដែលមានស្រាប់ ហើយខិតខំអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានការរីកចម្រើន និងចូលរួមឲ្យបានម៉ឺងម៉ាត់ ហើយតាមរយៈអានិសង្ឃដែលយើងទាំអស់គ្នា បានធ្វើរួមគ្នានៅពេលនេះ នឹងតាមជួយថែរក្សាការពារប្រទេសជាតិ និងប្រជាជាតិយើងឲ្យបានសុខសន្តិភាពគង់វង្សយូរអង្វែងជារៀងរហូត។
សូមបញ្ជាក់ ក្នុងពិធីបុណ្យកឋិនទានរស្មីសាមគ្គីនេះដែរ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមក្រុមការងារបានចូលរួមបច្ច័យចំនួន១០០លានរៀលផងដែរ៕