(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង និងប្រជាពលរដ្ឋទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងព្រឹត្ដិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាពេលកន្លងទៅ និងសង្ឃឹមថាប្រជាពលរដ្ឋនៅតែបន្ដបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តទៀត។
ការថ្លែងអំណរគុណបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពចែកស្រូវពូជ និងស្បៀងអាហារ ជូនប្រជាពលរដ្ឋខេត្តព្រៃវែង ចំនួន៦,១១២គ្រួសារ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «អរគុណចំពោះប្រជាពលរដ្ឋរបស់យើង ហើយតាមរយៈបងប្អូនប្រជាពលរដ្ឋរបស់យើងអនុញ្ញាតឱ្យខ្ញុំផ្តាំផ្ញើនូវការអរគុណសម្រាប់ការបោះឆ្នោតពីសំណាក់ប្រជាជន ជូនចំពោះគណបក្សប្រជាជន ក្នុងរយៈពេលកន្លងទៅ និងសង្ឃឹមថាពួកគាត់បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនបន្ថែមទៀត»។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងការកោតសរសើរដល់អាជ្ញាធរ មន្ត្រីរាជការ នៅក្នុងខេត្តព្រៃវែង គ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំ ជម្នះនូវកាលលំបាក ដើម្បីដោះស្រាយបញ្ហាលំបាកនានារបស់ប្រជាពលរដ្ឋ ដែលមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ក៏ជាដូចក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង បានធ្វើការដោះស្រាយបញ្ហាលំបាកនានារបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ និងទាន់ពេលវេលា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរអាជ្ញាធរ និងក្រុមគ្រូពេទ្យនៅខេត្តព្រៃវែង ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ ទន្ទឹមនឹងនេះដែរ សម្តេចក៏បានអរគុណប្រជាពលរដ្ឋដែលបានចូលរួមអនុវត្តន៍វិធានការនានា រួមទាំងការទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាដើម។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានរំពឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ បើសិនជាបងប្អូន ទុកចិត្ដលើគណបក្សប្រជាជន សូមបោះឆ្នោតឱ្យគណបក្សប្រជាជនបន្ដទៀត ហើយសម្ដេចនឹងនៅជាមួយបងប្អូនប្រជាពលរដ្ឋជារៀងរហូត។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គឺជាអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕