(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ព្រះរាជពិធីបុណ្យគ្រងរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា គម្រប់ខួប១៨ឆ្នាំ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចេង ឡាយ អភិបាលរងខេត្ត តំណាងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ទៀត។

ក្នុងព្រះរាជឱកាសដ៏បវរសួស្ដីមហាជ័យមង្គលថ្លៃថ្លានេះ លោក ចេង ឡៃ អភិបាលរងខេត្ត បានថ្លែងថា៖ «ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស និស្សិត និងប្រជារាស្ត្រទូទាំងខេត្តពោធិ៍សាត់ សូមព្រះបរមរាជានុញ្ញាតលំអោនកាយវាចាចិត្តក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសូមសម្ដែងថ្វាយនូវកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជហប្ញទ័យ និងព្រះរាជសកម្មភាពប្រកបដោយ ព្រះគុណធម៌ ព្រះមនុស្សធម៌របស់ព្រះអង្គក្នុងវិស័យសង្គមកិច្ច សុខុមាលភាព អប់រំសិក្សាធិការ ព្រះពុទ្ធសាសនា ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាពិសេសព្រះរាជសកម្មភាពបរិច្ចាគព្រះរាជទ្រព្យផ្ទាល់ ក្នុងព្រះរាជសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ១៩ និងប្រជាពលរដ្ឋរងគ្រោះផ្សេងៗ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជារាស្ត្រ កាត់បន្ថយភាពក្រីក្រ និងការស្តារអភិវឌ្ឍប្រទេសជាតិ ឲ្យមានសន្ទុះរីកចម្រើនជឿនលឿន ថ្កុំថ្កើងដូចបណ្តាប្រទេសនានាលើសកលលោក។

ក្នុងពិធីដ៏មហានក្ខត្តឫក្ស ឧត្ដុង្គឧត្តម វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថ ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី មានវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឬទិ្ធបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា «ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ និងប្រទានសព្ទសាធុការពរជ័យ សិរីមង្គលវិបុលសុខគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសូមព្រះអង្គទ្រង់ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនា ដល់ប្រជារាស្ត្រជានិច្ចនិរន្តរ៍តរៀងទៅ»៕