(ភ្នំពេញ)៖ បន្ថែមពីលើបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News កាលពីចុងសប្តាហ៍កន្លងទៅ នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា គ្មានការជួបចរចាណាមួយរវាងគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្រ្គោះជាតិ (CNRP) នាពេលខាងមុខនេះឡើយ។ សម្តេចតេជោ បានបន្ថែមថា បើមានការជួបនិយាយគ្នា ក៏គ្មានប្រធានបទនិយាយរឿងបុគ្គល ដែលប៉ះពាល់ដល់នីតិវិធីរបស់តុលាការ និងអ្នកជាប់ពន្ធនាគារនោះឡើយ។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាស ដែលសម្តេចបានអញ្ជើញជាអធិបតីប្រគល់សញ្ញា ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ នៅមជ្ឈមណ្ឌលកោះពេជ្យ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «នឹងមិនមានការចរចាណាមួយរវាងគណបក្សប្រជាជន និងគណបក្សសង្រ្គោះជាតិ នៅពេលខាងមុខនេះទេ ច្រកជួបជុំតែមួយគត់ គឺសភា ប៉ុន្តែត្រូវបានសង្រ្គោះជាតិបោះបង់ចោលរួចទៅហើយ។ ប្រសិនបើមានការពិភាក្សាណាមួយនាពេលខាងមុខ គណបក្សប្រជាជន មិនពិភាក្សាលើបញ្ហា ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការ និងពួកអ្នកជាប់គុកនោះទេ»។
ការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងឆ្លើយតបទៅនឹងការលើកឡើង របស់គណបក្សសង្រ្គោះជាតិថា នឹងមានការជួបចរចាគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដើម្បីដោះស្រាយបញ្ហានយោបាយ ដែលរបៀបវារៈ នៃកិច្ចចរចានោះ ក៏មានរឿងរបស់លោក សម រង្ស៊ី និង លោក កឹម សុខា ជាប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានហៅសំណុំរឿងរបស់លោក សម រង្ស៊ី និង លោក កឹម សុខា ក៏ដូចជាជាប់ឃុំរបស់អ្នកតំណាងរាស្រ្ត និងសកម្មជនគណបក្សសង្រ្គោះជាតិដទៃទៀត ជាការប្រព្រឹត្តល្មើសទៅនិងច្បាប់ ដូច្នេះគ្មានរឿងអ្វីដែលគណបក្សប្រជាជនកម្ពុជា ទៅចរចានោះឡើយ ហើយវាក៏មិនត្រូវប្រធានបទនោះដែរ។
សម្តេចតេជោ បញ្ជាក់ដូច្នេះ «បើអ្នកឯងបបួលខ្ញុំពិភាក្សាឥឡូវយើងគួរធ្វើច្បាប់នេះបន្ថែម យើងគួរធ្វើច្បាប់នោះបន្ថែម ខ្ញុំអាចយល់ព្រមភ្លាម ដើម្បីពិភាក្សា តើយើងនៅខ្វះច្បាប់អីខ្លះ?។ ប៉ុន្តែនេះរឿងអ្នកខ្លះ បន្លំផែនទី អ្នកខ្លះបន្លំនេះ អាហ្នឹងសមត្ថកិច្ចតុលាការ ម៉េចក៏ឲ្យគណបក្សប្រជាជនកម្ពុជា ទៅចរចាជំនួស អត់ទេ! វាខុសរឿង កុំចាប់គណបក្សប្រជាជនឲ្យទទួលខុសត្រូវ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា កុំច្រឡំតួអង្គ គណបក្សនយោបាយ មិនអាចជាប់ពាក់ព័ន្ធសំណុំរឿងរបស់តុលាការ នោះទេ៕