(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានបន្តចុះសួរសុខទុក្ខនិងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជាអង្ករចំនួន២០តោនចែកផ្តល់ជូនប្រជាកសិករមានជីវភាពខ្វះខាត ជួបការលំបាក ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងបញ្ហាផ្សេងៗចំនួន៤០០គ្រួសារ ក្នុងមូលដ្ឋានឃុំទាំង៧នៃស្រុកអូររាំងឪ។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន បានចាត់ឱ្យរដ្ឋបាលខេត្តនាំយកអង្ករមកចែកផ្តល់ជូនប្រជាពលរដ្ឋ ដើម្បីជួយសម្រួលជីវភាព និងតម្រូវការក្នុងគ្រួសារដែលកំពុងជួបការលំបាក ជាពិសេសក្រោយពីស្រែស្រូវត្រូវបានបំផ្លិចបំផ្លាញដោយជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀងកន្លងមកនេះ។
ឆ្លៀតក្នុងកាសនោះ លោក ជាម ច័ន្ទសោភ័ណ ក៏បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាដោះស្រាយបញ្ហានានាដែលជាទុក្ខកង្វល់របស់ពលរដ្ឋ ជាពិសេសអនុវត្តន៍ឱ្យខានតែបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើឱ្យភូមិឃុំប្រែជាភូមិឃុំសស្អាត ធានាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ៕