(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចូលរួមកិច្ចប្រជុំបូកសរុបការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ទី២៩ខែតុលា ឆ្នាំ២០២២ នៅសាលមហោស្រពខេត្តក្រចេះដោយមានការចូលរួមរបស់ លោក លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះមូលដ្ឋាន ស្រុក ក្រុង ឃុំ-សង្កាត់ លោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សស្រុក ក្រុង និងមេឃុំ-ចៅសង្កាត់ សរុបអ្នកចូលរួមមានប្រមាណជិត ៤០០នាក់។
បន្ទាប់ពីលោក យូ យឿន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អានសេចក្តីសម្រេចតែងតាំងសមាជិកគណៈអចិន្ត្រៃយ៍ និងសមាជិកគណកម្មការគណបក្សខេត្ត និងលោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណបក្សខេត្តក្រចេះ ធ្វើរបាយការណ៍សង្ខេបពីវឌ្ឍនភាពការងាររបស់គណបក្សខេត្តក្រចេះរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិកោតសរសើរ វាយតម្លៃខ្ពស់ និងអរគុណដោយស្មោះស្ម័គ្របំផុតជូនចំពោះសមាជិកគណបក្សទាំងអស់ដែលបានខិតខំពុះពារបំពេញការងារយ៉ាងសកម្មអស់កំលាំងកាយចិត្តបម្រើប្រជាជន សំដៅពង្រីកជ័យជម្នះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកថ្មីៗនេះ ឈានឆ្ពោះទៅដណ្តើមជោគជ័យសម្រាប់ការបោះឆ្នោតជាតិនាឆ្នាំ២០២៣ ខាងមុខទៀត។
ទន្ទឹមនោះ លោករដ្ឋមន្រ្តីប្រធានក្រុមការងារ បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់សហការពង្រឹងប្រសិទ្ធភាពអង្គការចាត់តាំងមូលដ្ឋានរបស់បក្ស ដើម្បីផ្សារភា្ជប់ជិតស្និទ្ធជាប្រចាំជាមួយប្រជាពលរដ្ឋអ្នកបោះឆ្នោត តាមរយៈសកម្មភាពការងារជាក់ស្តែងរស់រវើករបស់សាខាបក្សភូមិ និងក្រុមបក្ស សំដៅពង្រឹង និងបង្កើនជំនឿជឿជាក់យ៉ាងរឹងមាំរបស់បងប្អូនប្រជាពលរដ្ឋ ចំពោះការដឹកនាំដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បន្តដឹកនាំនាវាកម្ពុជាឱ្យរក្សាបាននូវសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាជន និងសង្គមជាតិជារៀងដរាបតរៀងទៅ។
ដើម្បីរក្សាប្រៀបឈ្នះរបស់គណបក្សឈានទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងរំលឹកអ្នកចូលរួម និងមន្រ្តីមូលដ្ឋានត្រូវពុះពារសម្រេចឱ្យខានតែបាននូវការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្ស ដោយត្រូវប្រមូលផ្តុំផ្តោតលើការងារសំខាន់ៗដូចខាងក្រោម៖
១៖ បន្តកសាងកំលាំងស្នូល តាមរយៈការពង្រឹងរចនាសម្ព័ន្ធមូលដ្ឋានភូមិឃុំ ជាពិសេសក្រុមបក្ស និងគ្រួសារបក្ស ជំរុញការចុះឈ្មោះបោះឆ្នោតរបស់សកម្មជន និងសមាជិកបក្សយើងនៅមូលដ្ឋានរៀងៗខ្លួន និងត្រូវចុះច្បាមជាប់មូលដ្ឋានភូមិឃុំ ដើម្បីរក្សាការផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយសមាជិកគណបក្ស និងប្រជាពលរដ្ឋគ្រប់មុខសញ្ញា សំដៅរួមគ្នាតស៊ូជម្នះដោះស្រាយរាល់បញ្ហាប្រឈមដែលបង្កឡើងដោយកូវីដ១៩ ក៏ដូចជាផលប៉ះពាល់ដ៏ទៃទៀតដែលជាឥទ្ធិពលអវិជ្ជមានដោយការវិវត្តឆាប់រហ័សមិនប្រក្រតីនៃសភាពការណ៍សកលលោក នាពេលបច្ចុប្បន្ន រួមមានជាអាទិ៍៖ ការប្រជែងភូមិសាស្រ្តនយោបាយ ការប្រែប្រួលអាកាសធាតុ និងការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន។ល។
២៖ ចូលរួម និងបន្តសម្រេចឱ្យបានល្អនូវភារកិច្ចនយោបាយរបស់ខ្លួនតាមគ្រប់មុខសញ្ញា គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយជាប្រចាំ ត្រូវចុះជាប់មូលដ្ឋានផ្សារភ្ជាប់ជាមួយប្រជាជន ជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីបង្ក្រាបអំពើជួញដូរមនុស្ស គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសបំពានច្បាប់ដទៃទៀតដែលកំពុងតែកើតមានក្នុងភូមិឃុំសង្កាត់ សំដៅពង្រឹងសុខសុវត្ថិភាពនៅតាមមូលដ្ឋាន ដែលជាចំណែកសំខាន់នៃសុខសន្តិភាពរបស់សង្គមជាតិ។
៣៖ ជំរុញចលនាសកម្មភាពជាក់ស្តែងរបស់កំលាំងសរុប មធ្យោបាយសរុប និងវិធានការសរុបនៃក្រុមការងារចំរុះនៅមូលដ្ឋាន សំដៅសម្រេចឱ្យខាងតែបាននូវការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្ស ពុះពាររក្សាថែទាំជំនឿជាក់ដោយបេះដូងរបស់ប្រជាពលរដ្ឋអ្នកបោះឆ្នោត ដើម្បីដណ្តើមជ័យជម្នះរាល់ការបោះឆ្នោតនាពេលខាងមុខ បង្កើតឱកាសធំធេងដ៏រឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា បន្តតួនាទីស្នូលដឹកនាំសង្គមជាតិ ឆ្ពោះទៅកាន់អនាគតរុងរឿងយូរអង្វែងគ្រប់ជំនាន់តរៀងទៅ៕