(ស្វាយរៀង)៖​​ នាយ​ឧត្ត​មសេនីយ៍​​​ ម៉ឹង​​ សំផន ​​រដ្ឋលេខាធិការ​ក្រសួងការពារ​ជាតិ​​ និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋា​ស្រុកចន្ទ្រា ​​នាព្រឹកថ្ងៃទី២៩​​ ខែតុលា​​ ឆ្នាំ២០២២នេះ​​បានសំណេះ​សំណាល​ជាមួយក្រុមប្រឹក្សា​ស្រុក​​ គណៈ​អភិបាល​ស្រុក ​​មន្ត្រីរាជការ​​ កងកម្លាំង​​ ក្រុមប្រឹក្សាឃុំ​​ ក្រុមគ្រូពេទ្យ ​​លោកគ្រូ​​អ្នកគ្រូ​​ និង​​ចែកអំណោយប្រជាពលរដ្ឋក្រីក្រ២០គ្រួសារក្នុង​ស្រុកចន្ទ្រា​​ ព្រមទាំងចុះពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍនៅស្រុកចន្ទ្រាផងដែរ។

លោក​​ ម៉ឹង​​ សំផន​​ បានលើក​ឡើងពី​​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ​​ដែលមាន​សម្តេច​តេជោ​ជា​ប្រមុខ​ដឹកនាំ​​ គឺខិតខំប្រឹងប្រែង​លើ​កម្ព​ស់​ជីវភាព​រស់នៅ​​មន្ត្រីរាជ​ការ​ស៊ីវិល​​ កងកម្លាំងប្រដាប់​អាវុធ ​​និងប្រជាពលរដ្ឋ​ជួប​ការ​លំបាក ​​ជាពិសេស​​លើបញ្ហា​សុខភាព​របស់​​ប្រជាពលរដ្ឋ ​​ដោយ​សម្តេ​ចតេ​ជោ​​​បាន​ខិតខំប្រឹង​ប្រែង​​រកវ៉ាក់​សាំងបង្ការ​ជំងឺកូវីដ-​​១៩ ​​យកមក​ចាក់ជូនប្រជាពលរដ្ឋ​ដោយ​ឥ​ត​គិត​ថ្លៃ ​​និង​ការពា​រសុខុមាល​ភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់​ពេល​វេលា​​​ ក៏​ដូចជាការជួយស្តារ​ឡើង​វិញ​នូវ​ជីវភា​ព​ប្រជាពលរដ្ឋ​​ និង​​សេដ្ឋកិច្ច​ជាតិ​​​ក្រោយ​ពី​រង​ផល​ប៉ះពាល់ដោយ​សារជំងឺ​កូវីដ-១៩​។

លោកបានសង្កត់​ធ្ងន់​ថា សមិទ្ធផល​នានា​​​ដែល​កើត​ឡើង​​នៅ​ស្រុក​ចន្ទ្រា​​ខេត្ត​ស្វាយ​រៀង​​​ ក៏​ដូចជា​នៅទូទាំង​ប្រទេស​​​នា​ពេល​បច្ចុប្បន្ន​នេះ​​​ គឺដោយ​សារការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​របស់​​​សម្តេចតេជោ​ហ៊ុន​​ សែន ​​ដែ​លបា​នធ្វើឱ្យប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​​​ និង​មានសុខសន្តិភាព​ពិ​តប្រាកដ។ ​​ដូចនេះយើង​ទាំង​អស់​គ្នា​​ត្រូវគាំទ្រ​​​សម្តេចតេជោ ​​ហ៊ុន ​​សែន ​​ធ្វើជានាយក​រដ្ឋមន្ត្រី​​ និង​គាំទ្រ​​លោក​​ ហ៊ុន ​​ម៉ាណែត ​​ជាបេក្ខភាព​នាយក​រដ្ឋមន្ត្រី​​ទៅ​ថ្ងៃ​អនាគត​។

លោក​​ ម៉ឹង​​ សំផន​​ បានផ្តាំផ្ញើ​ដ​ល់មន្ត្រី​​ក្រុមប្រឹក្សា​​ឃុំ​​ស្រុក​​​បន្តយក​ចិត្តទុក​ដាក់​​​ដល់​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក ​​​ជា​ពិសេស​បម្រើប្រជាពលរដ្ឋឱ្យបានល្អ​​លើការផ្តល់​សេវាសាធារណៈ​ជូន​ពួក​គាត់ឲ្យបាន​ទាន់​ពេល​វេលា​​​គិតគូរអំពីជីវភាពរស់នៅ និងផ្ដល់សេវាសុខាភិបាលជូនពួកគាត់ឲ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា​​ នៅក្នុងពិធីនេះ លោក​​ ម៉ឹង​​ សំផន បានឧបត្ថម្ភអ្នកចូលរួមក្នុង​​១នាក់​​ទទួលបាន​​សារុង​​១ ​​ក្រមា១​​ និងថវិកា​​៥០,០០០រៀល ​​បានឧបត្ថម្ភអំពូលភ្លើងសូឡា​​៥០ដើមដល់រដ្ឋបាលស្រុក​​ ឧបត្ថម្ភទូកចន្ទ្រាសែនជ័យបារមីសេះស​​ចំនួន​​១៥,៣៩០,០០០រៀល​​ ឧបត្ថម្ភកម្មវិធីបុណ្យអុំទូកខេត្ត​​ថវិកា​​២,០០០,០០០​​រៀល​​។

លោក​​បានដឹកនាំក្រុមការងារចុះចែកអំណោយជូនជាពលរដ្ឋក្រីក្រ​​ចំនួន​​២០​​គ្រួសារ​​មកពីឃុំសំរោង​​ និងឃុំច្រេស ​​ដែលក្នុងមួយគ្រួសារទទួលបានអង្ករ​​៥០​​គីឡូក្រាម មី​​១កេស​​ ត្រីខ​​១ឡូ​​ទឹកស៊ីអ៊ីវ​​១យួរ​​ ឃីត​​១កញ្ចប់ ​​និងថវិកា​​៥០,០០០រៀល​​។​​

លោក​​បានបន្តដឹកនាំក្រុមការងារ​​ចុះពិនិត្យមើលអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​​ស្រុកចន្ទ្រា ​​ដែលកំពុងសាងសង់ថ្មី​​ ​រួមនឹងក្រុមការងារចុះដែលសម្រេចបានប្រហែល​​៥០%​​ និងបានឧបត្ថម្ភថវិកា​​២០០០​​ដុល្លារ​​ សម្រាប់សាងសង់ខ្លោងទ្វារគណបក្ស​​។

បន្ទាប់មក លោក ម៉ឹង​​ សំផន​​ បានដឹកនាំក្រុមការងារ​​ចុះពិនិត្យមើលផ្លូវក្រាលថ្មមិក ​​និងនាំគ្រឿងចក្រទៅធ្វើការជួសជុលផ្លូវក្រឡុក​​ពីភូមិកោះក្បាលខាងជើងឃុំសំរោង​​ភូមិបារាយណ៍ស្វាយគុយ ភូមិត្រពាំងធ្លក​​ ភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា​​ និងបានឧបត្ថម្ភថវិកាសម្រាប់ការជួសជុល​​២,០០០ដុល្លារ​​ និងចែកសារុងក្រមាជូនដល់ប្រជាពលរដ្ឋ​​២០នាក់​​ក្នុង១នាក់សារុង១​​ ក្រមា១​​ បន្ទាប់មកចុះពិនិត្យមើលអនុវិទ្យាល័យ​​ផន​​សែន​​ទេព​​ធីតា ​​និងបានឧបត្ថម្ភថវិកាចាក់ដីទីធ្លាសាលារៀន​​ចំនួន​​២,៥០០ដុល្លារ​​ជូនលោកគ្រូ​​អ្នកគ្រូ​​៣៤នាក់​​ក្នុងមួយនាក់​​សារុង១​​ ក្រមា១ ​​ថវិកា​​៥០,០០០រៀល ​​និងចុះសួរសុខទុក្ខគ្រូពេទ្យនៅមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាមទួលស្តីចំនួន២៣នាក់ និងបានឧបត្ថម្ភថវិកាក្នុងមួយនាក់៥០,០០០រៀល សារុង១ ក្រមា១ និងឃីត១កញ្ចប់៕