(កណ្ដាល)៖ ផ្លូវចាក់បេតុងមួយខ្សែប្រវែង២គីឡូម៉ែត្រនៅឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល បាននិងកំពុងបានស្ថាបនាបានសម្រេចជិត១០០%ហើយ ក្រោយមានការស្នើសុំពីសំណាក់ប្រជាពលរដ្ឋនៅស្រុកនេះ។
ផ្លូវមួយខ្សែនេះមានទទឹងប្រវែង១៥ម៉ែត្រ បណ្ដោយ២គីឡូម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងដាក់ប្រព័ន្ធលូមុខ៦០ ខណៈផ្លូវនេះត្រូវបានសាងសង់ឡើងក្រោមការជួយឧបត្ថម្ភពីសំណាក់អភិបាលខេត្ត និងសប្បុរសជនមួយចំនួន។
លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានថ្លែងថា ការសម្រេចស្ថាបនាផ្លូវបេតុងមួយខ្សែនេះឡើង ជាការឆ្លើយតបប្រកបដោយចិត្តមេត្តាពីសំណាក់លោកអភិបាលខេត្ត ដែលប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិកាសាធារណៈនាកន្លងមក ដែលនេះសរបញ្ជាក់ឱ្យឃើញពីគុណតម្លៃរបស់លោកអភិបាលខេត្តដែលស្រលាញ់ប្រជាជន។
លោកអភិបាលស្រុកក៏បានស្នើសុំដល់ពលរដ្ឋប្រើប្រាស់ផ្លូវនេះទាំងអស់ សូមចូលរួមថែរក្សាទាំងអស់គ្នាជាមួយនឹងសមិទ្ធផលល្អនេះ និងសមិទ្ធផលល្អៗជាច្រើនផ្សេងទៀតដែលមានស្រាប់នៅស្រុកល្វាឯម។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋរា់នៅឃុំគ្រុំទាំងមូលបានសម្ដែងការពេញចិត្ត និងត្រេកអរយ៉ាងខ្លាំងចំពោះសមិទ្ធផលផ្លូវបេតុងមួយខ្សែនេះ ព្រោះផ្លូវនេះជាសរសៃឈាមក្នុងឃុំ និងស្រុកល្វាឯម ដែលកន្លងមកមានការលំបាកក្នុងការធ្វើដំណើរ ប៉ុន្តែក្រោយពេលស្ថាបនាផ្លូវ គេមើលឃើញថាស្ថាបភាពឃុំហាក់លេចចេញនូវភាពស្រស់បំព្រងឡើង និងបង្ហាញពីក្ដីសង្ឃឹមនិងរីករាយឡើង ពិសេសអរគុណដល់លោកអភិបាលខេត្ត និងលោកអភិបាលស្រុកល្វាឯមដែលបានខិតខំដឹកនាំនិងកសាងសមិទ្ធផលនានាជាច្រើនជូនប្រជាជននៅស្រុកល្វាឯម៕