(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានចុះត្រួតពិនិត្យការហ្វឹកហ្វឺនរបស់កងកម្លាំង និងបានលើកឡើងថា ការងារហ្វឹកហ្វឺន បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់កងទ័ពដើម្បីលេីកកម្ពស់ចំណេះដឹង ឲ្យកាន់តែរីកចម្រើនមួយកម្រិតថែមទៀត។

ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានលើកបញ្ជាក់បន្ថែមថា ផែនការហ្វឹកហ្វឺន បានបន្តជំរុញឲ្យយោធិនមានសមត្ថភាព គុណភាព និងបង្កើនចំណេះដឹងដល់កងទ័ពឲ្យបានយល់ដឹងកាន់តែច្បាស់ ស្ទាត់ជំនាញ ជាពិសេស ដើម្បីឲ្យយោធិន បង្កើននូវសមត្ថភាព ពង្រីកចំណេះដឹងរបស់កងទ័ពទៅតាមភូមិសាស្ត្រ គ្រប់ប្រភេទជំនាញ ដែលអាចឆ្លើយតបនឹងតម្រូវការរបស់អង្គភាពប្រកបដោយប្រសិទ្ធភាពខ្ពស់។​

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបន្ថែមថា វគ្គហ្វឹកហ្វឺនបំប៉ននេះ គឺសំដៅបង្កេីនសមត្ថភាពដល់យោធិន ឲ្យកាន់តែស្ទាត់ជំនាញក្នុងការប្រើប្រាស់អាវុធវែងខ្លី និងគ្រឿងបំពាក់ រួមជាមួយជំនាញប្រយុទ្ធក្នុងទីប្រជុំជន (Urban Combat) និងរំដោះចំណាប់ខ្មាំង​ (Hostage Rescue) ឲ្យកាន់តែល្អប្រសេីរស្របពេលដែលប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់ជាលើកដំបូងបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩៕