(ភ្នំពេញ)៖ ថ្លែងនៅក្នុងឱកាសចែកសញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការចារលើព្រះរាជសាររបស់ព្រះមហាក្សត្រ មិនមានអ្វីខុសនោះទេ ព្រោះក្នុងរដ្ឋធម្មនុញ្ញ មិនបានហាមឃាត់រឿងនេះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យក្រុមបក្សប្រឆាំង ទៅសួរព្រះមហាក្សត្រ បើចង់ដឹងថា ការចារលើព្រះរាជសារត្រូវ ឬខុស?
ការថ្លែងឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន នៅខណៈពេលនេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងមួយចំនួន រិះគន់ចំពោះចំណាររបស់ សម្តេចនៅលើព្រះរាជសាររបស់ព្រះករុណា ប៉ុន្តែត្រូវបានសម្តេចតេជោលើកឡើងថា ការចារលើព្រះរាជសាររបស់ព្រះមហាក្សត្រ មិនមានអ្វីខុសនោះទេ ព្រោះក្នុងរដ្ឋធម្មនុញ្ញមិនបានហាមឃាត់ នេះគឺជាទម្លាប់ការងាររបស់សម្តេច៕