(ព្រៃវែង)៖ លោក អ៉ីវ លាង អនុប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ និងជាប្រធានក្រុមការងារចុះជួយឃុំបឹងព្រះ បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រុមការងារចុះជួយមូលដ្ឋានឃុំបឹងព្រះ នៅទីស្នាក់ការបក្សឃុំបឹងព្រះ ខេត្តព្រៃវែង នាថ្ងៃទី២៩ ខែតុលានេះ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារចុះជួយឃុំ ប្រធាន-អនុប្រធានក្រុមការងារចុះជួយភូមិ សមាជិកក្រុមការងារ តំណាងគណបក្សស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព ប្រធានសហគមន៍ក្តីសង្ឃឹមបឹងព្រះ មេភូមិ លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
តាមការរាយការណ៍របស់លោកមេឃុំ បានឲ្យដឹងថាមានឃាតកម្មមួយករណីចំពោះបញ្ហានេះ លោក អ៉ីវ លាង ប្រធានក្រុមការងារឃុំ បានស្នើមេប៉ុស្តិ៍ និងអាជ្ញាធរត្រូវចាត់វិធានឲ្យម៉ឺងម៉ាត់បំផុតចំពោះជនដៃដល់ ដើម្បីចាប់យកមកអនុវត្តទោសតាមផ្លូវច្បាប់ជាធរមាន។
លោកបានគូសបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ដើម្បីបម្រើសេវាសាធារណៈ និងធានាឲ្យបាននូវសុខសន្តិភាពសុវត្ថិភាពដល់ប្រជាជន។ជាមួយគ្នានេះ លោកបានស្នើឲ្យប្រជាជនសូមចូលរួមទាំងអស់គ្នាផ្តល់កិច្ចសហការ និងរាយការណ៍កុំលាក់ពីហេតុការណ៍នានា មុខសញ្ញា ជាពិសេសគ្រឿងញៀន មកអាជ្ញាធរមានសមត្ថកិច្ច។
លោកបានលើកឡើងពីការធ្វើនយោបាយរបស់ក្រុមប្រឆាំងធ្វើយូរៗបែបជាមកវាយប្រហារស្ថាប័នព្រះមហាក្សត្រ ដែលការពារដោយរដ្ឋធម្មនុញ្ញ ដូចនេះជាប្រជាជន និងជាមន្ត្រី ត្រូវការពាររដ្ឋធម្មនុញ្ញ ការពារស្ថាប័នព្រះមហាក្សត្រ និងថ្កោលទោសដាច់ខាតចំពោះក្រុមប្រឆាំងវាយប្រហារមកអង្គព្រះមហាក្សត្រ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋរួសរាន់អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ធ្វើអត្តសញ្ញាណប័ណ្ណ និងជំរុញអាជ្ញាធរចំពោះការផ្តល់ឬការស្នើសុំសេវាសាធារណៈ និងការងារសង្គមកិច្ច។
លោកបានដាក់ចេញទិសដៅការងារមាន ក្រុមការងារទាំងអស់ត្រូវ ចុះជួបជួយទទួលយកសំណូមពរ ទទួលសមាជិកថ្មីទាំងអស់ និងពិនិត្យឡើងវិញការងារសន្យាទាំងឡាយ ជាមួយប្រជាជនត្រូវប្រញាប់ធ្វើហើយធ្វើឲ្យបាន។
ក្នុងឱកាសនោះដែរ ក្រុមការងារឃុំ បានទទួលលិខិតថ្លែងអំណរគុណពីថ្នាក់ដឹកនាំបក្សខេត្តតាមរយៈគណៈកម្មាធិការបក្សឃុំ និងទទួលពីសហគមន៍ក្តីសង្ឃឹមបឹងព្រះ ដែលក្រុមការងារបានខិតខំបំពេញការងារ និងចូលរួមគាំទ្រដល់សហគមន៍កន្លងមក៕