(អាមេរិក)៖ ការចេញផ្សាយនូវរបាយការណ៍សម្ងាត់ឆ្នាំ ២០០២ របស់សភា ស្តីពីការរវាយប្រហារដោយ ភេរវកម្ម នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នោះ នឹងអាចទាញប្រទេស អារ៉ាប៊ី សាអូឌីត ចេញពីការទទួលខុសត្រូវបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ ២០១៦ ដោយបានដកស្រង់ពីសេចក្តីថ្លែងការណ៍របស់លោក John Brennan ប្រធានទីភ្នាក់ងារចារកម្មសម្ងាត់ អាមេរិក CIA។
កន្លងមកនេះ មានបញ្ហាជាច្រើនបានរារាំងទំនាក់ទំនងល្អរវាងអារ៉ាប៊ី សាអូឌីត នឹងអាមេរិក បន្ទាប់ពីរបាយការណ៍ដែលមានចំនួន ២៨ទំព័រនេះ បានបញ្ជាក់អំពីការសង្ស័យថា ប្រទេសមជ្ឈិមបូព៌ាខាងលើនេះ ជាអ្នកដែលបានផ្តល់ហិរញ្ញវត្ថុសម្ងាត់ជ្រោមជ្រែងដល់ការវាយប្រហារនៅអាមេរិក កាលពីឆ្នាំ ២០០១ ដែលបានសម្លាប់មនុស្សជិត ៣.០០០នាក់។
វាក៏ជាការភ័យព្រួយផងដែរថា ការបញ្ចេញរបាយការណ៍សង្ស័យបែបនេះនឹងនាំឲ្យក្រុមគ្រួសារជនរងគ្រោះ ប្តឹងរដ្ឋាភិបាល អារ៉ាប៊ី សាអូឌីត ក៏ប៉ុន្តែកន្លងមកនេះរដ្ឋាភិបាលប្រទេសអារ៉ាប់មួយនេះ បានច្រានចោលការទទួលខុស ត្រូវទាំងអស់ ដែលមានន័យថាខ្លួនមិនបានជាប់ពាក់ព័ន្ធលើភេរវកម្មនោះឡើយ។
ទោះបីជាបែបនេះក្តី ក្រុមមនុស្ស ១៥នាក់ ក្នុងចំណោម ១៩នាក់ដែលបានរួមគ្នា ប្រព្រឹត្តអំពើភេរវកម្មខាងលើនេះ គឺជា ជានជាតិ អារ៉ាប៊ី សាអូឌីត។ អតីតសមាជិកព្រឹទ្ធសភាអាមេរិកលោក Bob Graham បានថ្លែងថា លោកធ្លាប់ដឹកនាំ គណកម្មាធិការសម្ងាត់ ដែលរៀបចំនិងចងក្រងរបាយការណ៍ឆ្នាំ ២០០២ ហើយក្នុងនោះលោកហ៊ាននិយាយថា មន្ត្រីរដ្ឋាភិបាល អារ៉ាប៊ី សាអូឌីត បានផ្តល់ជំនួយដល់ការវាយប្រហារមកលើអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ការលើកឡើងបែបនេះត្រូវបានលោក Brennan ឆ្លើយវិញថា មិនជាប់ពាក់ព័ន្ធឡើយ។
សរុបសេចក្តីមកប្រធាន CIA បានអះអាងថារបាយការណ៍ ២៨ទំព័រ ដែលនឹងចេញផ្សាយនាពេលខាងមុននេះ លោក គិតថាវាល្អ ដែលត្រូវចេញពេលនេះ។ មនុស្សគ្រប់គ្នា មិនគួរគិតថា វាជាភស្តុតាងដែលត្រូវវាយប្រហារ ប្រទេស អារ៉ាប៊ី សាអូឌីត ថាជាអ្នកស្ថិតនៅពីក្រោយការបង្កភេរវកម្មនោះឡើយ៕