(កណ្តាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងពន្លឿន ការរៀបចំកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលអាចនឹងចាប់ផ្តើមនៅមុនដំណាច់ឆ្នាំ២០២២នេះ ដើម្បីជួយរក្សាលំនឹងជីវភាពពលរដ្ឋ ដែលងាយរងគ្រោះ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថ្លែងបែបនេះ ធ្វើឡើងឱកាសដែលលោកចុះជួបសំណេះសំណាល និងនាំអំណោយ ព្រមទាំងស្រូវពូជចែកជូនដល់ប្រជាកសិករ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកខ្សាច់កណ្ដាល និងស្រុកពញាឮ ចំនួន ៩៣៤គ្រួសារ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ។
អគ្គបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា ទន្ទឹមនឹងការបន្តផ្តល់ការឧបត្ថម្ភសាច់ប្រាក់ ដល់គ្រួសារដែលទទួលរងគ្រោះ ដោយជំងឺកូវីដ១៩ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងដុតដៃដុតជើង រៀបចំកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្នុងកម្រិតមួយទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋ ស្ថិតនៅលើបន្ទាត់ក្រីក្រ ដែលងាយរងហានិភ័យនៃសម្ពាធអតិផរណា ដោយបង្កឡើងពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យកើនឡើងនូវថ្លៃប្រេង និងទំនិញ។
អគ្គបណ្ឌិតសភាចារ្យ «រាជរដ្ឋាភិបាលកំពុងដុតដៃដុតជើង ហើយក្នុងនាមខ្ញុំជាប្រធានប្រឹក្សាជាតិគាំពារសង្គម កំពុងតែដឹកនាំធ្វើកិច្ចការនេះ ដើម្បីឱ្យទាន់ក្នុងខែវិច្ឆិកា ឬខែធ្នូ មុនដំណាច់ឆ្នាំនេះអាចនឹងរៀបចំកម្មវិធីចាប់ផ្តើមជួយឧបត្ថម្ភ ដល់បងប្អូនយើងជាបន្តទៀត»។
លោកបន្តថា ការពន្លឿនកម្មវិធីជួយពលរដ្ឋ ដែលងាយរងហានិភ័យអតិផរណានេះ ស្របពេលដែលពលរដ្ឋ នៅតាមបណ្តាខេត្តមួយចំនួន ជាពិសេសកសិករបានរងគ្រោះពីវិបត្តិទឹកជំនន់ ដែលអូសបន្លាយយូរ និងបង្កផលប៉ះពាល់ធំធេង សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស មានប្រមាណជិត៧ម៉ឺនគ្រួសារ និងផលប៉ះពាល់ដំណាំជិត ១សែនហិចតា ក្នុងនោះស្តារឡើងបាន៦ម៉ឺនហិចតា។
គួរជម្រាបថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើត និងដាក់ឱ្យដំណើរការ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រយសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា» និងប្រគល់ភារកិច្ច ជូនមូលនិធិជាតិជំនួយសង្គម ទទួលបន្ទុកជាប្រតិបត្តិករ ក្នុងការគ្រប់គ្រង និងចាត់ចែងការបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ជូនគ្រួសារងាយរងហានិភ័យ ដោយប្រើប្រាស់យន្តការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានស្រាប់៕