(ស្វាយរៀង)៖ ប្រជាពលរដ្ឋ ក៏ដូចជាយុវជននៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងបាន ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ ទណ្ឌិតជាប់ទោសក្បត់ជាតិ៣ជំនាន់ សម រង្ស៉ីដែលថ្លើមពាសមេឃ ហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តាព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរទូទាំងនគរ ថា «មិនមានមនសិការជាតិ» និង «ក្បត់ជាតិ»។
ប្រតិកម្មប្រកាសថ្កោលទោសទណ្ឌិត សម រង្សី របស់ប្រជាពលរដ្ឋ និងយុវជន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។
ប្រជាពលរដ្ឋបានលើកឡើងថា ការប្រមាថរបស់ទណ្ឌិតជាប់ទោសក្បត់ជាតិ ៣ជំនាន់ខាងលើនេះ ចំពោះអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជាជាតិខ្មែរថា «ក្បត់ជាតិ» គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះអង្គព្រះមហាក្សត្រ និងអតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចំពោះប្រជាជាតិខ្មែរទាំងមូល។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងយុវជននៅក្នុងស្រុកស្វាយជ្រំទាំងអស់គ្នា សូមអំពាវនាវ ឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ទៅលើទណ្ឌិតជាប់ទោសក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ព្រមទាំងបក្សពួក ដែលហ៊ានប្រព្រឹត្តអំពើប្រមាថដ៏ធ្ងន់ធ្ងរបំផុត ដែលប្រជារាស្ត្រខ្មែរទូទាំងនគរ មិនអាចអត់ឱនឱ្យបានជាដាច់ខាត។
បន្ថែមលើសនេះក្រុមយុវជន និងប្រជាពលរដ្ឋមួយចំនួននៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សូមប្ដេជ្ញា និងប្រកាសជាឱឡារិកថានឹងបន្តគោរពគាំទ្រ និងដង្ហែតាមអង្គ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជានុរាស្ត្រខ្មែរ។
ហើយយើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយរាជរដ្ឋាភិបាល កម្ពុជាក្នុងការកម្ចាត់ចោលអ្នកនយោបាយជ្រុលនិយម ទណ្ឌិតជាប់ទោសក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី ព្រមទាំងបក្សពួកឱ្យអស់ពីកម្ពុជាដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ៕