(ភ្នំពេញ)៖ ពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ២០២២ ក៏ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរួមគ្នាក្នុងចលនាជាតិលើកកម្ពស់ផលិតភាពនៅកម្ពុជាផងដែរ។ នេះបើតាមលោក ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកថ្លែងយ៉ាងដូច្នេះក្នុងឱកាសបើកសិក្ខាសាលាស្តីពីការលើកកម្ពស់កម្លាំងពលកម្មជំនាញ ឌីជីថលូបនីយកម្ម និងផលិតភាព ដែលជាកម្មវិធីមួយដ៏សំខាន់នៃយុទ្ធនាការលើកកម្ពស់ផលិតភាពនៅកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

គួរជម្រាបថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងទន្ទឹមគ្នាជាមួយពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ២០២២ រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៨-២៩ខែតុលា ឆ្នាំ២០២២ នៅអគារពាណិជ្ជកម្មនិងពិព័រណ៍កោះពេជ្រ ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក សំដៅបង្កើតឱ្យមានឥទ្ធិពលនិងផលប្រយោជន៍ជាអតិបរមាដល់អ្នកចូលរួម ក៏ដូចជាភាគីពាក់ព័ន្ធក្នុងទីផ្សារការងារ។

លោក ពេជ សោភ័ន បានឱ្យដឹងថា «ពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ២០២២ ក៏ដូចជាសិក្ខាសាលានេះ គឺជាការបង្ហាញឱ្យឃើញផ្នែកមួយនៃការខិតខំប្រឹងប្រែងរួមគ្នា ក្នុងចលនាជាតិលើកកម្ពស់ផលិតភាពនៅកម្ពុជា»។ លោកថា ការណ៍នេះត្រូវបានបញ្ជាក់ឡើងតាមរយៈការរៀនសូត្របទពិសោធន៍ជោគជ័យរបស់ប្រទេសដែលនាំមុខគេ ដូចជា ជប៉ុន កូរ៉េ សិង្ហបុរី ម៉ាឡេស៊ីជាដើម សំដៅបណ្តុះផ្នត់គំនិតអំពីផលិតភាពក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល ជាពិសេសក្នុងចំណោមកម្មករនិយោជិត យុវជន សិស្ស និស្សិត។

លោកបានបន្តថា ពិព័រណ៍ការងារនិងផលិតភាពជាតិ និងសិក្ខាសាលានេះដែរ ក៏ជួយជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតពីសំណាក់និយោជក ចេញពីការចាត់ទុកកម្មករនិយោជិត ទៅជាមូលធនដែលត្រូវការចាំបាច់វិនិយោគជាប្រចាំ ដើម្បីលើកកម្ពស់និងពង្រីកជំនាញអាចឱ្យមានសមត្ថភាពឆ្លើយតបបានទៅនឹងការប្រែប្រួលគ្រប់កាលៈទេសៈ។

លោក ពេជ សោភ័ន បានរំពឹងថា តាមរយៈសិក្ខាសាលានេះនឹងផ្ដល់ដល់អ្នកចូលរួមទាំងអស់នូវគំនិត ជំនាញ ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជំនាញជាតិនិងអន្តរជាតិសម្រាប់ជាប្រយោជន៍ក្នុងការបណ្ដុះផ្នត់គំនិត កែប្រែឥរិយាបទ ការអភិវឌ្ឍជំនាញ និងការអនុវត្តលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងនៅគ្រប់កម្រិតតាំងពីកម្មករនិយោជិតម្នាក់រហូតដល់ប្រទេសជាតិទាំងមូល សំដៅធ្វើឱ្យគ្រប់សហគ្រាស-គ្រឹះស្ថានរីកចម្រើនទៅជាសហគ្រាស គ្រឹះស្ថានកាន់តែប្រសើរ, គ្រប់ការងារគឺជាការងារកាន់តែប្រសើរ, គ្រប់កម្មករនិយោជិតគឺជាកម្មករនិយោជិតដែលមានជំនាញកាន់តែខ្ពស់។

លោកបញ្ជាក់ទៀតថា កំណើនផលិតភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចនៃប្រទេសមួយ ដោយផ្តល់លទ្ធភាពឱ្យសេដ្ឋកិច្ចជាតិនៃប្រទេសនោះអាចផលិតបាននូវផលិតផលដែលមានតម្លៃបន្ថែមកាន់តែច្រើន ខណៈពេលដែលការប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាព រួមចំណែកដល់ការបង្កើនភាពប្រកួតប្រជែងរបស់ប្រទេស។

គួរជម្រាបថា ការរៀបចំឡើងនូវសិក្ខាសាលានេះ គឺជាចូលរួមចំណែកមួយដ៏សំខាន់ក្នុងការអនុវត្តនូវទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ សំដៅលើកកម្ពស់ផលិតភាពនិងភាពប្រកួតប្រជែងដើម្បីបន្តកែប្រែរចនាសម្ពន្ធសេដ្ឋកិច្ចជាតិ ធានាបាននូវកំណើននិងការង្កើតការងារកាន់តែល្អគ្រប់គ្រាន់សម្រាប់ប្រជាជន។ សិក្ខាសាលារយៈពេលមួយថ្ងៃពេញនេះនឹងនាំមកបង្ហាញជូននូវប្រធានបទសំខាន់ៗ រួមមាន៖ ១) ការផ្លាស់ប្តូរបែបឌីជីថលនិងផលិតភាពការងារ, ២) បញ្ហាប្រឈមនិងការរំពឹងទុកអំពីផលិតភាពនៅក្នុងប្រទេសកម្ពុជា, ៣) ការអនុវត្តល្អសម្រាប់ដំណើរការការងារប្រកបដោយចីរភាពឆ្ពោះទៅឧត្តមភាព, ៤) ការអប់រំនិងបណ្ដុះបណ្ដាលបន្ត-ការរៀនសូត្រនៅកន្លែងការងារ, ៥) ការបង្កើនផលិតភាពដោយនិយោជិតឆ្លាតវៃក្នុងការអនុវត្តផលិតភាពការងារតាមឌីជីថលនីយកម្ម៕