(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកវិនិយោគទាំងអស់បន្ដមកបណ្ដាក់ទុនឲ្យកាន់តែច្រើននៅរាជធានីភ្នំពេញ ពិសេសលើវិស័យម្ហូបអាហារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋមានការងារធ្វើកាន់តែច្រើន និងសំដៅទាក់ទាញភ្ញៀវទេសចរផងដែរ។

ការលើកឡើងរបស់លោក នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញបើកសម្ពោធភោជនីយដ្ឋាន ចំនួន៣ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។ ក្នុងនោះក៏មានការចូលរួមពី អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងលោក ងន ដេវីដសំបូរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្វាន់ ហ៊ូដ (Fun Food Co.Ltd) ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោក ឃួង ស្រេង បានបញ្ជាក់ថា «កាលបើយើងធ្វើម្ហូបឆ្ងាញ់ពិសារ វាជាកត្តាមួយនាំឲ្យភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន។ ដូច្នេះសូមអំពាវនាវដល់អ្នកវិនិយោគទុន សូមមកបណ្តាក់ទុនរកស៊ីនៅភ្នំពេញឲ្យកាន់តែច្រើន ពិសេសលើវិស័យម្ហូបអាហារ ដើម្បីឲ្យសេដ្ឋកិច្ចប្រទេសកើនឡើង ជាមួយនឹងការផ្តល់ឱកាសឲ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើ ហើយវាក៏ជាការទាក់ទាញភ្ញៀវទេសចរផងដែរ»។

អភិបាលរាជធានីភ្នំពេញ បានបន្ដថា សម្រាប់ពិធីសម្ពោធភោជនីយដ្ឋានថ្មី ក្នុងថ្ងៃនេះ មិនត្រឹមតែជា សក្ខីភាពបញ្ជាក់ឲ្យឃើញពីការចូលរួមគាំទ្រ ចំពោះសកម្មភាពអាជីវកម្ម របស់អាជីវករក្នុងស្រុកប៉ុណ្ណោះទេ។ ប៉ុន្តែបានឆ្លុះបញ្ចាំងឲ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព និងការខិតខំ ទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេសគឺការខិតខំ បង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់ ពាណិជ្ជករ វិនិយោគិន និងធុរជន ក្នុងការសម្រេចចិត្តបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឲ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

បើតាមលោក ឃួង ស្រេង ពេលបច្ចុប្បន្ន វិនិយោគិន ធុរជន ពាណិជ្ជករ និងវិស័យឯកជន បាននិងកំពុងរីករាយទទួលយក នូវមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងការបើកទូលាយក្នុងការធ្វើ អាជីវកម្មស្របច្បាប់គ្រប់ប្រភេទ ហើយស្តង់ដារស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏កាន់តែមានភាពល្អប្រសើរឡើង ដែលនេះគឺជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគនៅកម្ពុជា ពិសេសផលិតផល ម្ហូបអាហារ-ភេសជ្ជៈ ដែលមានគុណភាព-អនាម័យ និងការបើកអាជីវកម្មដ្ឋាន ដែលអាចឆ្លើយតបទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់ ប្រជាពលរដ្ឋទូទៅ។

លោកក៏បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់អ្នកគ្រប់គ្រង ភោជនីយដ្ឋាន និងបណ្ដាអាជីវកម្មទាំងអស់ សូមជួយគាំទ្រកសិផល ផលិតផល និងគ្រឿងទេសដែលមានស្រាប់ក្នុងស្រុក ដើម្បីជួយដល់ បងប្អូនប្រជាកសិករខ្មែរ សេវាករ និងផលិតករក្នុងស្រុកឲ្យមានជីវភាព ប្រសើរឡើង ជួយដល់សេដ្ឋកិច្ចជាតិ រីកចម្រើនទាំងអស់គ្នា។

គួរបញ្ជាក់ថា ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ជាក្រុមហ៊ុនមានអាជីវកម្មក្នុងវិស័យម្ហូបអាហារ ដោយបានផ្តល់ជូននូវមុខម្ហូបប្លែកៗសម្បូរបែប នៅតាមបណ្តាផ្សារទំនើបៗ ក្នុងរាជធានីភ្នំពេញ។ មកទល់ពេលនេះ ក្រុមហ៊ុនបានបង្កើតភោជនីយដ្ឋានបានរហូតដល់១១ទីតាំង និងកំពុងពង្រីកសាខារបស់ខ្លួនបន្ថែមទៀត ប្រកបដោយភាពជោគជ័យ និងការនិយម ចូលចិត្តពីសំណាក់ប្រជាពលរដ្ឋ៕