(កណ្តាល)៖ អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកណ្ដាល នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានចុះជួបសំណេះសំណាល និងនាំអំណោយ ព្រមទាំងស្រូវពូជជូនដល់ប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកខ្សាច់កណ្ដាល និងស្រុកពញាឮ ចំនួន ៩៣៤គ្រួសារ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានធ្វើរបាយការណ៍ដោយគូសបញ្ជាក់ថា នៅក្នុងខេត្តកណ្ដាលមានស្រុកចំនួន៤ បានទទួលរងផលប៉ះពាល់។ ដោយទឹកជំនន់ទឹកភ្លៀងក្នុងនោះមានស្រុកកណ្ដាលស្ទឹង ស្រុកខ្សាច់កណ្ដាល ស្រុកពញាឮ នៅស្រុកស្អាង។ មានប្រជាពលរដ្ឋចំនួន ១,៦៥៥គ្រួសារ ទទួលរងនូវផលប៉ះពាល់ផ្ទៃដីសរុបចំនួន ១,៣១៩ហិកតា បានទទួលរងនូវការខូចខាតអាចមានលទ្ធភាពស្ដារឡើងវិញប្រមាណ ៩៣៦ហិកតា។

លោកអភិបាលខេត្ត បានបន្តថា បន្ទាប់ពីបានចុះវាយតម្លៃផលប៉ះពាល់រដ្ឋបាលខេត្តកណ្ដាល បានរៀបចំសំណើស្នើសុំគ្រប់ពូជស្រូវចំនួន ១៦៥តោន ៥០០គីឡូក្រាមសម្រាប់ប្រជាកសិករចំនួន ១,៦៥៥គ្រួសារ ក្នុង៩៣ភូមិ ស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ស្រុកពញាឮ ស្រុកស្អាង និងស្រុកកណ្ដាលស្ទឹង ដើម្បីស្ដារឡើងវិញនៅផ្ទៃដីបង្កងបង្កើនផលដែលរងការខូចខាតដោយគោះហន្តរាយនេះ។

លោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ចំពោះ សុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនានា។ កត្តាទាំងអស់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ថារាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈជាពិសេសប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះមហន្តរាយ ដែលបណ្តាលមកពីទឹកជំនន់ ធ្វើឱ្យប៉ះពាល់ដល់ការងារបង្កបង្កើនផលស្រូវ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ។

អគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជិត ៤ទសវត្សរ៍កន្លងមក, ការសម្រេចបាននូវសុខសន្តិភាពពេញលេញ, បូរណភាពទឹកដី, សាមគ្គីភាពជាតិ និងស្ថិរភាពនយោបាយ ជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជាតិកម្ពុជាទាំងមូល ហើយជាមូលដ្ឋានមិនអាចខ្វះបានក្នុងការពន្លឿនកិច្ចអភិវឌ្ឍជាតិប្រកបដោយនិរន្តភាព។

ក្រៅពីការផ្តល់នូវសន្តិភាព និងអភវិឌ្ឍន៍ពេញផ្ទៃប្រទេស កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្រៅប្រទេស ដើម្បីភ្ជាប់ទំនាក់ទំនងការទូត រវាងប្រទេសនៅក្នុងពិភពលោក ជាក់ស្តែងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅពេលនេះ បានបញ្ជាក់យ៉ាងច្បាស់ អំពីភាពស្មើរមុខស្មើមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ និងពិភពលោកទាំងមូល។

បន្ថែមពីនេះ លោកអគ្គបណ្ឌិតសភាចារ្យ បានបន្តថា ទាក់ទាងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៅក្នុងស្ថានភាពចំពោះមុខនៃការរីករាលជំងឺកូវីដ១៩ កម្ពុជាក្រោមការចង្អុលបង្ហាញដោយផ្ទាល់យ៉ាងសស្រាក់សស្រាំ និងមោះមុតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំនាវាកម្ពុជា ឆ្លងកាត់រលកវិបត្តិ ប្រកបដោយភាពម្ចាស់ការ និងភាពប្រយ័ត្នប្រយែងខ្ពស់។ ជាក់ស្តែង លើទិដ្ឋភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការសុខាភិបាលដូចជា ការធ្វើតេស្តរហ័ស, ការបញ្ជាទិញឧបរកណ៍វេជ្ជសាស្រ្ត, ការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល នៅតាមបណ្តារាជធានី-ខេត្ត, ព្រមជាមួយនឹងវិធានការរដ្ឋបាលនានា សំដៅគាំពារសុខុមាលភាព, ការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

អំណោយដែលចែកជូនប្រជាពលរដ្ឋដែលរងគ្រោះក្នុងស្រុកសាច់កណ្ដាល និងស្រុកពញាឮ ចំនួន៨៣៤គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន៖ ត្រីខមួយយួរ មីមួយកេសតូច ទឹកត្រីមួយយួរ ស្រូវពូជ ១០០គីឡូក្រាម។