(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បាននាំស្រូវពូជរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចែកជូនប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃ។

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ស្រុកព្រៃឈរ ប៉ះពាល់ចំនួន០៨ឃុំ ផ្ទៃដីប៉ះពាល់ ៩៦៤,៨៧ហិកតា មានកសិករ ១,៥០៨គ្រួសារ ក្នុងនោះផ្ទៃដីខូចខាតចំនួន ៩៦៧,៨៧ហិកតា មានកសិករ ១,៥០៨គ្រួសារ។ ទន្ទឹមនឹងនេះ តាមរយៈគណៈម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានផ្តល់ពូជស្រូវសម្រាប់បងប្អូនប្រជាកសិករ ធ្វើការស្តារឡើងវិញក្រោយពីខូចខាត ដោយសារជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង សម្រាប់ស្រុកព្រៃឈរ ចំនួន ១.៥០៨គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានពូជស្រូវ ១០០គីឡូក្រាម សរុប ១៥០,៨០០គីឡូក្រាម។

ដោយឡែកសម្រាប់ស្រុកជើងព្រៃ មានចំនួន ៩៩១គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានពូជស្រូវ ១០០គីឡូក្រាម សរុប ៩៩,១០០គីឡូក្រាម។

គួរបញ្ជាក់ផងដែរថា ប្រជាកសិករ ដែលត្រូវធ្វើការស្តារឡើងវិញ ក្រោយពីខូចខាត ដោយសារជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ចាម ចំនួនសុប ១០,១៦៧គ្រួសារ ស្មើនឹងប្រើស្រូវពូជសរុប ៨៧២តោន ៩០០គីឡូ៕