(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បាននាំយកពូជស្រូវដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋចំនួន ២៧៣គ្រួសារ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងខេត្តស្វាយរៀង។

លោកស្រីកិត្តិសង្គហបណ្ដិត បានពាំនាំនូវការផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធីទាំងមូល ដោយការគិតគូរ និងយកចិត្តទុក្ខដាក់ខ្ពស់ពីសម្តេចទាំងទ្វេរនៅទូទាំងប្រទេស។

លោកស្រីកិត្តិសង្គហបណ្ដិត បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ១៩ បានយ៉ាងល្អ និងបានធ្វើឱ្យកម្ពុជាបានក្លាយជាប្រទេសដែលឈរលេខទី៤ នៅក្នុងចំណោមប្រទេស និងតំបន់ចំនួន១២១ លើពិភពលោក ក្នុងនាមជាប្រទេសមានសមត្ថភាពងើបចេញពីកូវីដ១៩ លឿនជាងគេ។

លោកស្រីកិត្តិសង្គហបណ្ដិត ម៉ែន សំអន បានបន្តថា រាជរដ្ឋាភិបាល តែងតែគិតគូរយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាកសិករ ដែលបានរងគ្រោះដោយទឹកជំនន់ ក៏ដូចជាគ្រោះ ដែលបង្កឡើងដោយធម្មជាតិ ដើម្បីជួយសម្រាលទុក្ខ ក៏ដូចជាការជួយស្ដារឡើងវិញ នៃជីវភាពរស់នៅឱ្យមានភាពល្អប្រសើរឡើងវិញ នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនមែនឃើញមុខសមាជិកគណបក្សប្រជាជនតែពេលឃោសនាបោះឆ្នោតនោះទេ គឺគណបក្សប្រជាជនបានរស់នៅជាមួយគ្នារយៈពេលជា៤៣ឆ្នាំរួចមកហើយ អ្នកខ្លះក៏កើតទាន់ អ្នកខ្លះក៏មិនទាន់។

ជាមួយគ្នានេះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានប្រកាសគាំទ្រ ថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានកូតាគណបក្សភ្លើងទៀន និងស្ថាប័នមួយចំនួន នៃខេត្តស្វាយរៀង ដែលបានចេញញាត្តិថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ។

អំណោយរបស់សម្តេចតេជោ ចែកជូនប្រជាពលរដ្ឋចំនួន២៧៣គ្រួសារ ក្នុងមួយគ្រួសារទទូលបាន៖ ស្រូវពូជ ១០០គីឡូក្រាម អង្ករ ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១យួរ នំប៉ាវ ១ ទឹកសុទ្ធ ១ដប និងថវិកា ៥ម៉ឺនរៀល។

សូមបញ្ជាក់ថា ការចែកស្រូវពូជនេះ គឺជាការចែកនិមិត្តរូបចំនួន ២៧៣គ្រួសារ ដែលមកពី​ស្រុកចំនួន៣​ គឺស្រកកំពង់រោទិ៍ ស្រុកស្វាយជ្រំ និងក្រុងបាវិត នៃខេត្តស្វាយរៀង​ ដែលមានផ្ទៃដីខូចខាតចំនួន៥៥០ហិកតា៕