(កំពង់ធំ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីបានអញ្ជើញចែកពូជស្រូវ និងស្បៀអាហារជូនប្រជាកសិករហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តកំពង់ធំ។
ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនេះ មានចំនួនសរុប ១,៥២៣នាក់។
ជួសមុខឱ្យមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានសម្តែងនូវការរីករាយយ៉ាងខ្លាំង ដែលទទួលបានឱកាសបដិសណ្ឋារកិច្ចចំពោះវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានឆ្លៀតឱកាសដ៏មានតម្លៃអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ធំ។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា វត្តមានរបស់សម្ដេចតេជោ ពិតជាបានផ្តល់នូវកិត្តិយសដ៏ក្រៃលែង និងជាសក្ខីភាពបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ធំទាំងមូល។
ក្នុងឱកាសនោះ លោក ងួន រតនៈ បានជម្រាបសម្តេចតេជោ និងអង្គពិធីទាំងមូលពីសភាពការណ៍ និងសមិទ្ធផលការងារសំខាន់ៗមួយចំនួន ពាក់ព័ន្ធមន្ត្រីរាជការ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការកាត់ឆ្កៀលដីបឹងទន្លេសាប និងការផ្តល់សេវារបស់មន្ត្រីរាជការជាដើម។
លោកអភិបាលខេត្ត បានរៀបរាប់ឱ្យដឹងថា ខេត្តកំពង់ធំមានចម្ងាយ ១៦៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានផ្ទៃដីសរុបចំនួន ១៥,.០៦១គីឡូម៉ែត្រក្រឡា ចែកជា០១ក្រុង ០៨ស្រុក ៧៣ឃុំ ០៨សង្កាត់ និង៧៦៥ភូមិ ដែលមានប្រជាពលរដ្ឋរស់នៅចំនួន ១៨០,៨៣៧គ្រួសារ ស្មើនឹង ៨៣៩,៩៩១នាក់ ដង់ស៊ីតេប្រជាពលរដ្ឋមានចំនួន ៥៦នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា។
នៅទូទាំងខេត្តមានមន្ត្រីរាជការស៊ីវិលកំពុងបំពេញការងារសរុបចំនួន ៧,៩៣៧នាក់ ក្រុមប្រឹក្សាខេត្ត ២៥នាក់ ក្រុមប្រឹក្សាក្រុង-ស្រុក ១៦៩នាក់ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ៥៨៥នាក់។
ពាក់ព័ន្ធការងារសន្តិសុខសណ្តាប់ធ្នាប់ លោកអភិបាលខេត្ត បានឱ្យដឹងថា គណៈបញ្ជាការឯកភាពខេត្ត បានចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តបានល្អប្រសើរ ក្នុងនោះបទល្មើសព្រហ្មទណ្ឌ នៅទូទាំងខេត្តមានការថយចុះ ការបង្ក្រាបបទល្មើសផ្សេងៗដូចជា បទល្មើសធនធានធម្មជាតិមាននេសាទ ព្រៃឈើ សត្វព្រៃ ដីព្រៃ...។ ពាក់ព័ន្ធបទល្មើសជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន និងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាដើមត្រូវបានយកចិត្តទុកដាក់ និងជំរុញអនុវត្តបានជាប្រចាំពិសេសការទប់ស្កាត់ និងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។
លោកអភិបាលខេត្ត ក៏បានរៀបរាប់លើការងារគ្រប់គ្រងដីធ្លី និងព្រៃឈើសហគមន៍ក្នុងខេត្តផងដែរ។ បើតាមលោកអភិបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្ត បានបង្កើតក្រុមការងារចុះស្រង់ទិន្នន័យប្រជាពលរដ្ឋកំពុងកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំ ពាក់ព័ន្ធគម្របព្រៃឈើឆ្នាំ២០០២ និងដីសហគមន៍ព្រៃឈើ។ ក្នុងនោះ រដ្ឋបាលខេត្ត បានដាក់ពាក្យស្នើសុំកាត់ឆ្កៀលដីចំនួន ៧ស្រុក មានចំនួន ៤៦,៥៣២គ្រួសារ ស្មើនឹង ៥៧,៦២៣ក្បាលដី លើផ្ទៃដីសរុប ១៦១,៤២៧ហិកតា។
រដ្ឋបាលខេត្ត បានស្នើសុំកាត់ឆ្កៀលដីដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលនៅតាមស្រុក ដែលស្ថិតក្នុងតំបន់អភិរក្សសត្វខ្សឹប តំបន់ព្រៃឡង់ ព្រៃអង់តែន ដែនជម្រកសត្វព្រៃបឹងពែរ និងសហគមន៍ការពារធនធានធម្មជាតិ ចំនួន ៦០,៨៨៦ហិកតា ស្មើនឹង ១៥,៣៧៨គ្រួសារ។
ក្រុមការងារ ក៏បានចុះពិនិត្យ និងសិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យដីដែលបានប្រើប្រាស់ក្នុងតំបន់២ និងតំបន់៣ដែលប្រជាពលរដ្ឋបានគ្រប់គ្រង ប្រើប្រាស់ និងអាស្រ័យផលមុនចេញអនុក្រឹត្យលេខ១៩៧ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១១ ហើយរដ្ឋបាលខេត្តក៏បានស្នើសុំសម្រួលព្រំប្រទល់ពីតំបន់២ មកតំបន់១ និងស្នើសុំកាត់ឆ្កៀលដីពី តំបន់៣ មកតំបន់២ ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យស្របច្បាប់ ដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលបានសម្រេចកែសម្រួលព្រំប្រទល់ដីពីតំបន់២ មកតំបន់១ ចំនួន ១០,០១៤ហិកតា ស្មើនឹង ៩,១១៤គ្រួសារ ដើម្បីផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋមានសិទ្ធិចាត់ចែង និងពីតំបន់៣ មកតំបន់២ ចំនួន ៦,៣៨៥ហិកតា ស្មើនឹង ១,៧៤៩គ្រួសារ ដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ធិអាស្រ័យផលស្របច្បាប់។
បន្ថែមលើសពីនេះទៀត ការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្ត បានបន្តស្នើសុំកាត់ឆ្កៀលដីពីតំបន់៣ មកតំបន់២ ជូនប្រជាពលរដ្ឋចំនួន ៤ក្រុង-ស្រុក មានផ្ទៃដីចំនួន ១៧,៥៧៧,៤២ហិកតា មានប្រជាពលរដ្ឋចំនួន៤,៦៨២គ្រួសារ នៅសល់ ០២ស្រុកទៀត កំពុងសិក្សាដើម្បីគោរពស្នើសុំកាត់ឆ្កៀលបន្ថែមទៀត។
ពាក់ព័ន្ធការងារបង្ក្រាបបទល្មើសជលផល រដ្ឋបាលខេត្ត បានរៀបចំទីបញ្ហាការស្រាល និងដាក់ក្រុមការងារប្រចាំការ ដោយសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបង្ក្រាបបទល្មើសជលផលលើបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង។
មួយវិញទៀត ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព រដ្ឋបាលខេត្តបានបង្កើតក្រុមការងារដើម្បីចាត់វិធានការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋានដោយទទួលបានលទ្ធផលល្អប្រសើរ។
ពាក់ព័ន្ធការងារផ្តល់សេវាវិញ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងដំណាក់កាលនៃការអនុវត្តកំណែទម្រង់ដ៏ស៊ីជម្រៅ ជាពិសេសការបង្ខិតការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានជិតបំផុតនៅមូលដ្ឋានក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងនោះ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរ-អង្គភាពបានខិតខំផ្តល់សេវាបម្រើប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាពលើគ្រប់វិស័យ ជាលទ្ធផល ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២២នេះ រដ្ឋបាលខេត្ត តាមរយៈយន្តការច្រកចេញចូលតែមួយបានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន៥២,២៣៦សេវា។
ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្ត ក៏បានទទួលបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ៥១ករណី ក្នុងនោះ ដោះស្រាយទំនាស់បាន ២៩ករណី និងបញ្ជូនទៅមន្ទីរអង្គភាព និងក្រុងស្រុកចំនួន ២២ករណី។ លើសពីនេះ រដ្ឋបាលខេត្តក៏បានឆ្លើយបំភ្លឺជូនក្រសួងមហាផ្ទៃ ចំពោះមតិផ្សេងៗរបស់ប្រជាពលរដ្ឋដែលបានសរសេរលើគេហទំព័រហ្វេស បុករបស់ប្រមុខរាជរដ្ឋាភិបាល និងតាមរយៈបណ្ដាសារព័ត៌មាននានា។
ក្រៅពីនេះ រដ្ឋបាលខេត្តក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទូទាំងខេត្ត រដ្ឋបាលខេត្តក៏បានចុះសិក្សានិងជួយគាំទ្រដល់ដំណើរការក្នុងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ឆ្លើយតបនឹងសេវាសំណូមពរនានារបស់ប្រជាពលរដ្ឋ បានមួយកម្រិតនៅមូលដ្ឋាន។
លោក ងួន រតនៈ ក៏បានរៀបរាប់ពីផលប៉ះពាល់នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងខេត្ត ដោយសារតែទឹកជំនន់។ លោកអភិបាលខេត្ត បានស្នើសុំក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយជ្រោមជ្រែងក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត។
ក្នុងពិធីនេះក្នុងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ លោក ងួន រតនៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។
លោក ងួន រតនៈ បានប្រកាសគាំទ្រការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពិសេសសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះជនក្បត់ជាតិបីជំនាន់ សម រង្ស៉ី ដែលប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃប្រជាពលរដ្ឋខ្មែរ។
លោក ងួន រតនៈ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការកម្ចាត់ចោលនូវនូវនយោបាយជ្រុលនិយម ដើម្បីរក្សាសន្តិភាព ស្ថិរភាពនយោបាយ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តកំពង់ឆ្នាំងជាថ្មីម្តងទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងខេត្តខេត្តកំពង់ឆ្នាំងទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងទៅនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ ក៏ដូចជាការងារដែលអភិបាលខេត្តរៀបរាប់ខាងលើ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។
បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកមន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការឱ្យបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នា អភិវឌ្ឍខេត្តមួយនេះឱ្យមានការរីកចម្រើន៕