(កណ្ដាល)៖ លោក ណុប រ័ត្ននិមល ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំការរៀបចំប្រឡងសាកល្បងកម្រិតទុតិយភូមិសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងស្រុកកណ្តាលស្ទឹង នៅវិទ្យាល័យសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដើមឬស ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ថ្លែងក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល បានលើកឡើងថា ការប្រឡងសាកល្បងនេះ គឺជាការជួយពង្រឹងសមត្ថភាព និងជំនួយស្មារតីដល់ប្អូនៗ ឲ្យកាន់តែកាន់តែព្យាយាមសិក្សារៀនសូត្រ ដេីម្បីប្រឡងនាពេលខាងមុខទទួលបាននិទ្ទេសល្អ ដូចជារៀមច្បងឆ្នាំមុន គឺទទួលបាននិទ្ទេសល្អ ចំនួន៣នាក់ ទូទាំងស្រុកកណ្តាលស្ទឹង។

លោកបានបញ្ជាក់ថា ការរីកចម្រើននូវលើគ្រប់វិស័យទៅបាន ជាពិសេសវិស័យអប់រំនាពេលនេះ គឺដោយសារកត្តាសុខសន្តិភាព បេីគ្មានសន្តិភាព គឺពុំបានរៀនសូត្រនោះទេ សុខសន្តិភាពប្រៀបបានទៅនឹងអ៊ុកស៊ីសែន ព្រោះថាបើគ្មានអ៊ុកស៊ីសែននោះទេ ជីវិតមនុស្ស សត្វលោកយើងនេះ ក៏មិនអាចរស់រានមានជីវិតទៅបានផងដែរ។

ជាពិសេសនាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងភាពឈ្លាស់វៃប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វេីឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

បន្ថែមពីនេះ លោក ណុប រ័ត្ននិមល បានសំណូមពរដល់សិស្សានុសិស្សនៅទូទាំងស្រុកណ្តាលស្ទឹង ឲ្យខិតខំសិក្សារៀនសូត្រក្លាយខ្លួនជាមនុស្សល្អ ជាទំពាំងស្នងឬស្សី ដេីម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រេីនជាបន្តទៀត និងបានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង បន្តការចូលរួមថែរក្សាសុខសន្តិភាព ដេីម្បីសុភមង្គលគ្រប់ក្រុមគ្រួសារ និងការអនុវត្តវិធានការសុខាភិបាល គឺ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសង្គមជាតិកម្ពុជា៕