(កំពង់ធំ)៖ ថ្លែងនាឳកាសអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តកំពង់ធំជិត ៧ពាន់គ្រួសារ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ទៅចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់នឹងជំងឺកូវីដ១៩ ខណៈមកដល់ពេលនេះ កម្ពុជានៅមានវ៉ាក់សាំងនៅសល់ក្នុងឃ្លាំងមានប្រមាណ ៨លានដូស និងវ៉ាក់សាំងដែរជាជំនួសរបស់ចិន និងសហរដ្ឋអាមេរិកមួយចំនួនទៀត មិនទាន់បានដឹកមកដល់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំនៅតែអង្វរករសុំប្រជាពលរដ្ឋរបស់យើង ទទួលយកវ៉ាក់សាំងតទៅទៀត មានបងប្អូនខ្លះទទួលបានវ៉ាក់សាំងតែដូសទី១ និងទី២ទេនៅសល់មនុស្សប្រមាណ ៤លាននាក់ទៀត មិនទាន់បានទទួលដូសទី៣នោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា មិនមែនរាជរដ្ឋាភិបាលខ្វះវ៉ាក់សាំងនោះទេ ឥលូវនេះវ៉ាក់សាំងមាននៅក្នុងឃ្លាំងជាង ៨លានដូស បូកបន្ថែមទាំងមិត្តចិនបន្ថែម ២០លានដូស ដែលបានដឹកមកដល់ ៥លានដូស នៅសល់ ១៥លានដូសទៀត មិនទាន់ឱ្យដឹកចូលមកទេ សហរដ្ឋអាមេរិកផ្តល់ឱ្យកម្ពុជាជាង ៧លានដូស ដឹកមកបាន ២លានដូស នៅសល់ ៥.៥លានដូសមិនទាន់ដឹកមកដល់ ដូចនេះហើយ មិនខ្វះវ៉ាក់សាំងទេ រហូតយើងមានវ៉ាក់សាំងចែកជូនដល់ប្រទេសជិតខាងរបស់យើងថែមទៀតផង ជាពិសេសជួយដល់មិត្តឡាវ ដែលរងគ្រោះ និងជួយប្រទះនូវការលំបាក។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា ក្នុងកំឡុងពេលដែលប្រទេសកម្ពុជាមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ខ្លាំង ត្រឹមតែក្នុងរយៈពេលខ្លីមួយកម្ពុជាមានឆ្លងជាង ១៣ម៉ឺននាក់ និងស្លាប់ជាង ៣ពាន់នាក់ ដែលនេះមិនមែនជារឿងមិនធម្មតាទេ ដែលពេលនោះសម្តេចបានបញ្ជារភ្លាមឱ្យធ្វើក្តាមឈូស ជាមួយនឹងការបន្ថែមបច្ឆា សម្រាប់ការបូជា និងរកដីសម្រាប់កបសាកសព ប៉ុន្តែដោយការចូលរួមពីប្រជាពលរដ្ឋ បានអនុវត្តន៍វិធានការ ៣កុំ ៣ការពារ ជាមួយនឹងការទទួលយកវ៉ាក់សាំង ធ្វើឱ្យយើងអាចបើកប្រទេសឡើងវិញ ហើយវិធានការនេះយើងត្រូវតែបន្តអនុវត្តន៍តទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅពេលដែលជំងឺកូវីដ១៩ ផ្ទុះឡើងខ្លាំងនោះ រាជរដ្ឋាភិបាលក៏បានចំណាយថវិកាយ៉ាងច្រើនទៅការទប់ស្តាត់ជំងឺកូវីដ១៩នេះ ដើម្បីធានាថាប្រជាជនមិនត្រូវទទួលបានផលប៉ះពាល់ធ្ងន់ធ្ងរពេលជាមួយនឹងជំងឺកូវីដ១៩នេះ។
ជាមួយគ្នានោះសម្តេចតេជោ បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ សម្រាប់ ក្នុងរយៈពេល៦ថ្ងៃកន្លងមកនេះមិនមានអ្នកឆ្លងកូវីដ១៩នោះទេ ប៉ុន្តែថ្ងៃនេះបានបន្តមានអ្នកឆ្លងជំងឺកូវីដ១៩ វិញហើយ តែបើយើងទទួលបានវ៉ាក់សាំងគ្រប់គ្រាន់នោះ ទោះបីឆ្លងកូវីដក៏មិនអាចធ្ងន់ធ្ងរបាននោះដែរ។
បន្ថែមពីទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមប្រយុទ្ធជាមួយជំងឺកូវីដ១៩ ជាបន្តទៅទៀត ដោយសារតែយើងមិនដឹងច្បាស់ទេថា នឹងមានអ្វីដែលអាចកើតឡើងតទៅមុខទៀតនោះទេ ដោយសារនាពេលបច្ចុប្បន្នមានជំងឺផ្សេងៗទៀត បានសម្លាប់មនុស្សជាច្រើនរួចមកហើយ ដូចនេះហើយយើងត្រូវតែបន្តអនុវត្តន៍វិធានការ ទប់ស្កាត់ជំងឺនេះតទៅមុខទៀត និងត្រូវប្រុងប្រយ័ត្នគ្រប់ទម្រង់នៃជំងឺឆ្លងទាំងឡាយតទៅមុខទៀត។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៩៨១នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៩១៨នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕