(កំពង់ធំ)៖ ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចោទជាសំណួរថាទៅកាន់ប្រជាពលរដ្ឋថាពេលមានទុក្ខ គឺតែងតែមានវត្តមន្ត្រីគណបក្សប្រជាជន ចុះជួយរាល់ការលំបាក ប៉ុន្តែ ពេលបោះឆ្នោតបែរជាបោះឱ្យគណបក្សដទៃ ដែលមិនបានធ្វើអ្វីសោះ គឺគ្រាន់ចុះតែមកនិយាយតែប៉ុណ្ណោះ?។
សម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ រហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹក ភ្លូកដី ហើយសង្ឃឹមថានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសបន្តទៀត។
ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ពីសំណាក់ប្រជាពលរដ្ឋ គឺជាការលើកទឹកចិត្តដ៏ធំ សម្រាប់គណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពបម្រើប្រជាពលរដ្ឋ ព្រមទាំងការកសាងសមិទ្ធផលនានា និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តកំពង់ធំ ចំនួន ៦,៨៤៤គ្រួសារ, សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរយ៉ាងដូច្នេះថា៖ «ឧទាហរណ៍ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន គឺបាត់បង់នូវសម្លេង គណបក្សប្រជាជនខំឱ្យចង់ងាប់ ជាមួយប្រជាពលរដ្ឋ ដល់ពេលបោះឆ្នោតបោះទៅឱ្យអ្នកដទៃ ពេលមានទុក្ខលំបាកឃើញមុខតែមន្ត្រីគណបក្សប្រជាជនមកដោះស្រាយបញ្ហាឱ្យ ដល់ពេលបោះឆ្នោត បែរជាបោះឱ្យអ្នកណាឯណោះ ដែលគេអត់បានជួយធ្វើអ្វីសោះក្រៅពីជេរ គឺអត់ធ្វើអ្វីសោះតែម្តង»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅកៀកកិត ជាមួយប្រជាពលរដ្ឋរាល់ពេលមានទុក្ខ និងនៅគ្រប់កាលៈទេសៈ គឺចាំជួយប្រជាពលរដ្ឋជានិច្ចដោយមិនរុញរានោះទេ ហើយមន្ត្រីគណបក្សប្រជាជនកម្ពុជា បានបំពេញភារកិច្ចប្រកបដោយគុណប្រយោជន៍ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីមាត់មច្ចុរាជកំណាចកូវីដ១៩ យ៉ាងជាក់ស្តែងពិតប្រាកដប្រកបដោយយុទ្ធសាស្ត្រ និងការទទួលខុសត្រូវ ដោយបានសម្រេចធ្វើការស្រោចស្រពវ៉ាក់ការពារ ជូនប្រជាជនយ៉ាងឆាប់រហ័សទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕