(ភ្នំពេញ)៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានរៀបចំពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការរបស់ខ្លួនប្រចាំខេត្តព្រៃវែង និងខេត្តស្វាយរៀង និងបន្តកម្មវិធីដូចគ្នានេះនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ សម្រាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ក្រោមអធិបតីភាព លោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស.។

ថ្លែងនៅក្នុងឱកាសនោះ លោក កឹមរ័ត្ន វិសិដ្ឋ បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើតួនាទីដ៏សំខាន់របស់អង្គការសង្គមស៊ីវិលក្នុងការរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ក៏ដូចជាការជំរុញលើកកម្ពស់សិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបើកលំហសេរីភាពសម្រាប់សកម្មភាពអនុវត្តគម្រោងអភិវឌ្ឍន៍ជាក់ស្តែងនៅតាមបណ្តាមូលដ្ឋានរបស់អង្គការសង្គមស៊ីវិល។ ដើម្បីជំរុញប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការចូលរួមអភិវឌ្ឍពីវិស័យសង្គមស៊ីវិល វ.ស.ស.ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល ក្នុងគោលដៅចូលរួមសម្របសម្រួលរវាងអង្គការសង្គមស៊ីវិលនិងអាជ្ញាធរមូលដ្ឋាន-រាជរដ្ឋាភិបាល រវាងអង្គការសង្គមស៊ីវិលនិងអង្គការសង្គមស៊ីវិល សំដៅបង្កើតឱ្យមានសុខដុមនីយកម្មសង្គម និងជំរុញបង្កើនល្បឿនអភិវឌ្ឍន៍ឆ្ពោះទៅសម្រេចបានគោលដៅប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

កន្លងមកនេះ វ.ស.ស.បានក្លាយជាវេទិកាតែមួយគត់ ដែលមានការចូលរួមពីបណ្តាអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិ សមាគម សហគមន៍ សហជីព ហើយដែលក្នុងនេះ បញ្ហាប្រឈមនិងកង្វល់ផ្សេងៗ របស់អង្គការសង្គមស៊ីវិលត្រូវបានស្តាប់ដោយយកចិត្តទុកដាក់ ព្រមទាំងបង្កើតបាននូវភាពងាយស្រួលក្នុងការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍រវាងអង្គការសង្គមស៊ីវិលដៃគូ។ ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានសង្កត់ធ្ងន់ផងដែរថា ការចូលរួមជាសមាជិកដៃគូសហប្រតិបត្តិការរបស់ វ.ស.ស. នាពេលនេះ បានបង្ហាញឱ្យឃើញនូវការពួតដៃសាមគ្គី ក៏ដូចជាកិច្ចសហការជិតស្និទ្ធនៅក្នុងវិស័យសង្គមស៊ីវិល ដើម្បីជំរុញការអភិវឌ្ឍនិងការស្តារសេដ្ឋកិច្ចសង្គមមូលដ្ឋានក្រោយវិបត្តិកូវីដ-១៩។

ជាថ្មីម្តងទៀត លោកប្រធានក្រុមប្រឹក្សាភិបាលបានបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់ វ.ស.ស. ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់ភាពជាដៃគូជាមួយគ្រប់បណ្តាដៃគូ និងលើកទឹកចិត្តឱ្យមានការបន្តចូលរួមជាសមាជិកដៃគូ វ.ស.ស. បន្ថែមទៀត ក្នុងទិសដៅរួមចំណែករុញនាវាកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ឆ្ពោះទៅរកវិបុលភាព និងសុភមង្គល៕