(ភ្នំពេញ)៖ ដើម្បីបន្តរឹតចំណងមិត្តភាពឱ្យកាន់តែល្អប្រសើរឡើងវិញ ស្របពេលដែលជំងឺកូវីដ១៩ បានធូរស្រាលឡើងនៅក្នុងប្រទេសកម្ពុជា ដែលអាចអនុញ្ញាតឱ្យមានការជួបជុំគ្នាឡើងវិញបាននោះ ក្រុមហ៊ុន CHIP MONG GROUP នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំពិធីជប់លៀងជួបជុំសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មានអាជីពនៅក្នុងប្រទេសកម្ពុជា ក្រោយមានការខកខានជួបជុំអស់ពេល២ឆ្នាំ ដោយសារជំងឺកូវីដ១៩។
ពិធីជប់លៀងជួបជុំសំណេះសំណាលនេះដែរ បានធ្វើឡើងនៅទីតាំងក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ និងដោយមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំបណ្តាញសារព័ត៌មានល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនស្ថាប័ន រួមទាំងមានថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន CHIP MONG GROUP ជាច្រើនរូបផងដែរ។
លើកឡើងនាឳកាសនោះលោក ហុង សុខឡេង អគ្គនាយករងជាន់ខ្ពស់នៃធនាគារ CHIP MONG បានឱ្យដឹងថា ការរៀបចំពិធីនេះឡើង គឺដើម្បីជាការថ្លែងអរគុណ ក៏ដូចជាដើម្បីជាការរឹតចំណងមិត្តភាពឡើងវិញជាមួយបណ្តាញអ្នកសារព័ត៌មានក្នុងស្រុក ក្រោយមានការខកខានអស់រយៈពេល២ឆ្នាំ ដោយសារកើតមានជំងឺកូវីដ១៩។ ការជួបជុំគ្នានេះដែរក៏ដើម្បីបង្កើនកិច្ចសហការរវាងក្រុមហ៊ុន CHIP MONG ជាមួយនឹងបណ្តាញសារព័ត៌មានឱ្យកាន់តែល្អប្រសើរថែមទៀតផងដែរ។
លោក ហុង សុខឡេង បានបន្ថែមថា ក្រុមហ៊ុន CHIP MONG GROUP មានគ្រប់ពហុវិស័យដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន មានដូចជា ធនាគារ CHIP MONG បុរី CHIP MONG ផ្សារទំនើប CHIP MONG និងផ្នែកផ្សេងៗទៀត។ ដើម្បីផ្សារភ្ជាប់ចំណងមិត្តភាពជាមួយបណ្តាញអ្នកសារព័ត៌មានឱ្យជិតស្និទ្ធ លោក ហុង សុខឡេង បានអះអាងថា រាល់បណ្តាអ្នកសារព័ត៌មានដែលទៅទទួលសេវាកម្មពីក្រុមហ៊ុន CHIP MONG និងទទួលបានក្នុងតម្លៃពិសេសផងដែរ។
សូមជម្រាបដែរថា ក្រៅពីការជួបជុំសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មានអាជីពនេះ ក្រុមហ៊ុន CHIP MONG ក៏បានរៀបចំជាដំណើរកម្សាន្តនៅក្នុងបរិវេណ ក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ និងការបើកឱ្យក្រុមអ្នកសារព័ត៌មាន អាចលេងកីឡា វាយកូនហ្គោល ក្នុងបរិយាកាសដ៏រីករាយ ជាមួយនឹងការទទួលទានអាហារដ៏មានរស់ជាតិផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង មានវត្តមាននៅលើទីផ្សារកម្ពុជាជិត ៤ ទសវត្សរ៍មកហើយ ដែលមានពាណិជ្ជកម្មរហូតដល់ចំនួន ១៤ ក្នុងវិស័យសំណង់ ការអភិវឌ្ឍអចលនទ្រព្យ ភេសជ្ជៈ ផ្សារទំនើប ធនាគារ រោងចក្រផលិតកំប៉ុង សណ្ឋាគារ និងបដិសណ្ឋារកិច្ច និងទីលានវាយកូនហ្គោល ជាដើម ដែលបានចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងបរិស្ថានកម្ពុជាយ៉ាងប្រសើរ៕