(សៀមរាប)៖ សមាគមទេសចរណ៍កម្ពុជា CATA នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានរៀបចំពិធីបិទបញ្ចប់វគ្គបណ្ដោះបណ្ដាលពង្រឹងជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចក្រោយវិបត្តិកូវីដ១៩ រយៈពេល២ខែ ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដល់សិក្ខាកាមប្រមាណ ១,២០០នាក់ នៅខេត្តសៀមរាប។
ក្នុងនោះដែរ មានដូចជា៖ ទីភ្នាក់ងារទេសចរណ៍ ការីទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ការិយាល័យជួរមុខ គេហកិច្ច ម្ហូបអាហារនិងភេជ្ជៈ ផ្ទះបាយ ធនធានមនុស្ស ផ្នែកលក់ ទីផ្សារឌីជីថល ស្ប៉ា និងម៉ាស្សា និងវិស្វកម្មផងដែរ។
វគ្គបណ្តោះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ (MOT) ជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) និងគាំទ្រផ្នែកបច្ចេកទេសដោយទីភ្នាក់ងារប្រឹក្សាយោលបល់ជំនាញវិជ្ឋាជីវៈទេសចរណ៍អេធីភី (ATP Consultant) និងស៊ីអេចធី (CHT) ដែលបានទទួលជំនួយថវិការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ SDF។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា ដោយសារវិបត្តិកូវីដ១៩ បានធ្វើឱ្យប៉ះពាល់វិស័យទេសចរជាខ្លាំង បណ្តាលឱ្យអ្នកផ្គត់ផ្គង់ក្មុងវិស័យនេះបានបាត់បង់ការងារ បាត់បង់ចំណូល និងងាកទៅរកការងារផ្សេងទៀតដែលបានចាកឆ្ងាយពីជំនាញ វិជ្ជាជីវៈទេសចរណ៍។ ដោយមានការចង្អុលបង្ហាញពីក្រសួងទេសចរណ៍ ដែលមានទស្សនវិស័យការនាំចូលមកវិញនូវភ្ញៀវទេសចរ និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដើម្បីស្ដារឡើងវិញ ដែលក្នុងនោះធនធានមនុស្សគឺជាអទិភាព។
លោកស្រី ឆាយ ស៊ីវលីន បានបន្តថា សមាគមទេសចរណ៍កម្ពុជា CATA ដែលបានជំនូយពីក្រសួងសេដ្ឋកិច្ចតាមរយៈ SDF នឹងមានការគាំទ្រពីក្រសួងទេសចរណ៍ បានបង្កើតឡើងនូវវគ្គបណ្តុះបណ្តាលពង្រឹងឡើងវិញនូវជំនាញដែលមានស្រាប់សម្រាប់ប្រតិបត្តិករទេសចរណ៍ បុគ្គលិកជំនាញដែលកំពុងបំពេញការងារ និងបុគ្គលិកដែលបានកាត់ការងារ ដើម្បីឱ្យពួកគាត់នៅរក្សាជំនាញបាន និងលើកទឹកចិត្តឱ្យត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរនាពេលអនាគត ដោយមានការចូលរួមពីអ្នកជំនាញទេសចរណ៍ ជំនាញបដិសណ្ឋារកិច្ច និងមគ្គុទ្ទេសក៍ទេសចរណ៍ផងដែរ។
លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបជាតំណាងលោក ទៀ សីហា បានសម្តែងក្តីសប្បាយរីករាយដែលសមាគមទេសចរណ៍កម្ពុជា បានរៀបចំបណ្តោះបណ្តាលនេះឡើង ដល់អ្នកជំនាញសេវាកម្មទេសចរណ៍ ដើម្បីពង្រឹងសមត្ថភាពបន្ថែមនូវវិស័យទេសចរក្នុងខេត្តសៀមរាប ឱ្យប្រព្រឹត្តទៅបានជោគជ័យនាពេលខាងមុខ។ ដោយហេតុថា ខេត្តសៀមរាបដែលពឹងផ្អែកទៅលើវិស័យទេសចរ និងបានទទួលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ ជាងរយៈពេល២ឆ្នាំកន្លងមកនេះ ហើយទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ជាច្រើននៅក្នុងខេត្តសៀមរាប ស្ទើរតែទាំងអស់បានផ្លាស់ប្តូរការងារ។ បច្ចុប្បន្ននេះ វិស័យទេសចរក្នុងខេត្តសៀមរាបកំពុងតែងើបឡើងវិញ ដោយលំហូរចូលនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាក្នុងខេត្តសៀមរាបកាន់តែច្រើនឡើង។ ដូច្នេះ ត្រូវពង្រឹងឡើងវិញនូវជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច និងការទទួលស្វាគមន៍ភ្ញៀវទេសចរ ឱ្យមានភាពកក់ក្តៅ ដើម្បីស្តារសេដ្ឋកិច្ចក្នុងខេត្តសៀមរាប។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ជាតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្ត និងសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋបាលខេត្តសៀមរាប មន្ទីរទេសចរណ៍ខេត្តសៀមរាប សមាគមទេសចរណ៍កម្ពុជា ដែលមានលោកស្រី ឆាយ ស៊ីវលីន ជាប្រធាន និងភាគីពាក់ព័ន្ឋទាំងអស់ ដែលបានសហការសម្របសម្រួលគាំទ្រ និងជំរុញឱ្យមានសកម្មភាពទេសចរណ៍នៅក្នុងគោលដៅទេសចរណ៍ បេតិកភណ្ឌ វប្បធម៌ និងធម្មជាតិ សៀមរាប-អង្គរ ជាពិសេសបានសហការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពអ្នកបម្រើការក្នុងវិស័យទេសចរណ៍ដ៏មានសារៈសំខាន់នេះឡើង។
លោក ប៉ាក់ សុខុម ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រថវិការបស់មូលនិធិអភិវឌ្ឍជំនាញ SDF របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្វើឱ្យវគ្គបណ្តោះបណ្តាលមួយត្រូវបាន រៀបចំឡើងចំពេលវេលា និងស្របតាមសកម្មភាពមួយក្នុងចំណោមសកម្មភាពយុទ្ឋសាស្ត្រនៃផែនការស្តារ និងលើកកម្ពស់ការអភិវឌ្ឍជំនាញទេសចរណ៍ ដំណាក់កាលក្រោយវិបត្តិជំងឺឆ្គងកូវីដ១៩ ឆ្នាំ២០២២-២០២៣។
លោក ប៉ាក់ សុខុម បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់ពេញលេញ ដែលជាស្នូលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។ វិស័យទេសចរណ៍កម្ពុជា ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយដើរតួជា “មាសបៃតង” រួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅ កម្ពុជា ដែលជាផ្នែកមួយគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ (UN)៕