(ភ្នំពេញ)៖ សិស្សានុសិស្ស នៃវិទ្យាល័យឬស្សីកែវ ទទួលបានការសិក្សាថ្នាក់ដំបូង ក្នុងវគ្គបណ្តុះបណ្តាល លើជំនាញឌីជីថល (Digital Skill) ដែលនឹងប្រព្រឹត្តទៅចាប់ពីខែវិចិ្ឆកា ឆ្នាំ២០២២ រយៈពេល៣ខែកន្លះ។

វគ្គបណ្តុះបណ្តាលនេះ ដោយវិទ្យាល័យឬស្សីកែវ បានសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី ដែលគ្រឹះស្ថាន បានចូលរួមឧបត្ថម្ភការសិក្សា ចំនួន៣,៥៥០ដុល្លារអាមេរិក ដើម្បីឲ្យសិស្សទទួលបានចំណេះដឹង អំពីឌីជីថលជំនាន់ថ្មី ក្នុងសតវត្សទី២១។

ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញអំពីគុណសម្បត្តិ នៃការសិក្សាព័ត៌មានវិទ្យា ជូនដល់សិស្សានុសិស្ស នៃសាលាវិទ្យាល័យឬស្សីកែវផងដែរ។

ការធ្វើបទបង្ហាញនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០២២​ ដោយបានរៀបចំ និងសហការជាមួយ វិទ្យាស្ថាន IT Academy STEP Cambodia ដែលជាសាខា នៃអង្គការបណ្តុះបណ្តាលអន្តរជាតិ មានឯកទេសលើការអប់រំផ្នែកព័ត៌មានវិទ្យា (IT) ហើយបច្ចុប្បន្នវិទ្យាស្ថាននេះ កំពុងដំណើរការចំនួន២០ប្រទេស នៅទូទាំងពិភពលោក។​

កម្មវិធីសិក្សានេះ ជាមគ្គុទេសដ៏សំខាន់ ក្នុងការចង្អុលបង្ហាញឲ្យសិស្សានុសិស្សនៅកម្ពុជា អាចមានលទ្ធភាពទទួលបាន មូលដ្ឋានគ្រឹះនៃជំនាញឌីជីថល ដើម្បីគាំទ្រសមត្ថភាព និងការអភិវឌ្ឍន៍ទេពកោសល្យ របស់ពួកគេ ក្នុងយុគសម័យនៃបច្ចេកវិទ្យា។

លោក ចៅ វីរយុទ្ធ នាយកសាលាវិទ្យាល័យឬស្សីកែវ បានបង្ហាញសេចក្តីសោមនោស្សរីករាយ ដែលបានសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី។

លោក ចៅ វីរយុទ្ធ ក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថាន ដែលបានឧបត្ថម្ភការសិក្សាមកកាន់សាលា ដើម្បីពង្រឹងវិស័យអប់រំ ដែលមានសារៈប្រយោជន៍ដល់សិស្សានុសិស្ស អាចទទួលបានចំណេះដឹងបន្ថែម អាចពង្រឹងសមត្ថភាពងាយស្រួល ក្នុងការទទួលបានឱកាសការងារដ៏ល្អប្រសើរ នាពេលអនាគត។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេនៅប្រទេសកម្ពុជា ដែលមានភាគហ៊ុន១០០%ពីប្រទេសជប៉ុន។ គ្រឹះស្ថាន បានបង្ហាញពីការយកចិត្តទុកដាក់ ក្នុងការគាំទ្រ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅប្រទេសកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍន៍ធនធានមនុស្ស៕