(កំពង់ធំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានប្រសិទ្ធនាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ (ច្បាប់ថវិកា) ដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង នៅថ្ងៃទី២៨ ខែតុលាម្សិលមិញថា ជាថវិកាដើម្បី «មនុស្ស និងកំណើនសេដ្ឋកិច្ច»។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលត្រូវការចំណាយថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារកូវីដ១៩ផង និងរងផលប៉ះពាល់នៃអតិផរណាផង តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់នានា ដើម្បីកុំឲ្យពួកគាត់ធ្លាក់ចូលក្រោមបន្ទាត់ក្រីក្រ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា នៅឆ្នាំ២០២៣ ក៏ជាឆ្នាំដែលរាជរដ្ឋាភិបាល ចាប់ផ្តើមដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ រួមទាំងក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិផងដែរ ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់ បន្ទាប់ពីអាក់ខានដំឡើងអស់រយៈពេល២ឆ្នាំ ដោយសារបញ្ហាកូវីដ១៩។
ក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ជូនប្រជាពលរដ្ឋជិត ៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ម្សិលមិញ គណៈមន្ត្រីប្រជុំអំពីច្បាប់ថវិកា។ ច្បាប់ថវិកានោះ នៅពេលដែលឧទ្ទេសនាមចប់ដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ខ្ញុំបានហៅវា [ច្បាប់ថវិកាឆ្នាំ២០២៣] ថាជាថវិកាដើម្បីមនុស្ស និងកំណើន ព្រោះអ្វី ? ដើម្បីមនុស្សគឺបានសេចក្តីថា នៅឆ្នាំ២០២៣ខាងមុខនេះ ប្រមូលផ្តុំដោះស្រាយឲ្យជីវិតមនុស្ស ម្យ៉ាងបញ្ហាកូវីដ១៩ តែម្យ៉ាងទៀតគឺប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយអតិផរណា ។ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ មន្ត្រីភូមិ អ្នកចូលនិវត្តន៍សុទ្ធតែទទួលបានការឡើងបៀវត្សរ៍ទាំងអស់»។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តទាំងស្រុង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។
បើតាមសេចក្តីព្រាងច្បាប់នេះ នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលគម្រោងចំណាយថវិកាចំនួន ៣៩ ២០៦ ២០៥ លានរៀល គិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៩.៦ពាន់លានដុល្លារ មានកំណើន១៣% ធៀបនឹងច្បាប់ឆ្នាំ២០២២។
ថវិកាឆ្នាំ ២០២៣ ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យរាជរដ្ឋាភិបាល អាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង, ទាំងក្នុង និងក្រៅប្រទេស, សំដៅបន្តការពារអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ ព្រមទាំងស្តារ និងជំរុញការងើបឡើងវិញ នូវកំណើនសេដ្ឋកិច្ចកម្ពុជា ទន្ទឹមនឹងការរៀនរស់នៅជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី ដែលគោលដៅ ដោយផ្តល់អាទិភាពទី ១ ដល់ «មនុស្ស» ពិសេសផ្តោតលើ សុខភាព ជីវភាព និងសមធម៌ ព្រមជាមួយនឹងអាទិភាពនៃការបន្តជំរុញការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ច។
ថវិកាឆ្នាំ២០២៣ ក៏ត្រូវប្រើប្រាស់ក្នុងការដំឡើងបៀវត្សជូនមន្ត្រីរាជការ, ការដំឡើងប្រាក់សោធនជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ជាអតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ជាពិសេសការកាត់បន្ថយគម្លាតប្រាក់សោធន រវាងអ្នកចូលនិវត្តន៍ចាស់ និងថ្មី, ការបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ (ក្រ១ និងក្រ២) និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់មួយគ្រា ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា, ការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា, ការបន្តអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្ម, កម្មវិធីអន្តរាគមន៍លើ ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, ព្រមទាំងការអនុវត្តគម្រោងអភិវឌ្ឍន៍តំបន់រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង, និងការត្រៀមដោះស្រាយថវិកា សម្រាប់អគ្គិសនីកម្ពុជា ដើម្បីធានាស្ថិរភាពថ្លៃអគ្គិសនីកុំឱ្យលើស កម្រិតថ្លៃអនុវត្តបច្ចុប្បន្ន ជូនប្រជាពលរដ្ឋប្រើប្រាស់, និងជាពិសេស គឺការធានាជោគជ័យនៃកិច្ចដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ និងការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ផងដែរ។
នៅឆ្នាំ២០២៣ បៀវត្សអប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងមានស្ថានភាពកើនឡើងដូចខាងក្រោម៖
* បៀវត្សមន្ត្រីរាជការស៊ីវិល នឹងត្រូវបានដំឡើងពីចំនួន ១ ១៧២ ៥០០ រៀល នៅឆ្នាំ២០២២ ដល់ប្រមាណ ១ ៣០០ ០០០ រៀល ចាប់ពីខែមករា ឆ្នាំ ២០២៣
* បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ នឹងត្រូវបានដំឡើងពីចំនួន ១ ២៧២ ៥០០ រៀល នៅឆ្នាំ២០២២ ដល់ប្រមាណ ១ ៤០០ ០០០ រៀល ចាប់ពីខែមករា ឆ្នាំ ២០២៣
* បៀវត្សនគរបាល (ពលបាលត្រី) នឹងត្រូវបានដំឡើងពីចំនួន ១ ២៥៦ ៩៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៣៨៤ ៤៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) ចាប់ពីខែមករា ឆ្នាំ ២០២៣
* បៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងពីចំនួន ១ ១២៣ ៥០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ២៥១ ០០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ ១ ៣០៩ ៤៧៧ រៀល ចាប់ពី ខែមករា ឆ្នាំ ២០២៣។
ក្រុមប្រឹក្សារាជធានី-ខេត្ត, ក្រុង-ស្រុក-ខ័ណ្ឌ, ឃុំ-សង្កាត់ និងមន្រ្តីភូមិក៏ត្រូវដំឡើងប្រាក់បំណាច់ផងដែរ ដោយប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គិតចាប់ពីខែមករា ឆ្នាំ ២០២៣ នឹងមានកំណើនដូចខាងក្រោម៖
* ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ៥៧០ ០០០ រៀល
* សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ១៩៥ ០០០ រៀល
* ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ២៨៥ ០០០ រៀល
* សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៩៧០ ០០០ រៀល
* ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ២៤០ ០០០ រៀល
* ជំទប់ទី១ , ចៅសង្កាត់រងទី១ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៩៣០ ០០០ រៀល
* ជំទប់ទី២ , ចៅសង្កាត់រងទី២ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៩៣០ ០០០ រៀល
* សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៨២០ ០០០ រៀល
* មេភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៥១០ ០០០ រៀល
* អនុប្រធានភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៣៩០ ០០០ រៀល
* សមាជិកភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៣៦០ ០០០ រៀល។
នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦.៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៣១ ២៧៦ ប៊ីលានរៀល ឬសមមូលស្មើនឹងប្រមាណ ៣២ ២៩១ លានដុល្លារ, ស្របពេលដែលផសស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថាកើនឡើងដល់ ១ ៩២៤ ដុល្លារបើធៀបនឹង ១ ៧៨៥ ដុល្លារក្នុងឆ្នាំ ២០២២៕