(កណ្តាល)៖ លោក ហេង រតនា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកលើកដែក និងជាអនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ បានចុះជួបសំណេះសំណាល ជាមួយនាយក គ្រូបង្រៀនបំប៉ន និងសិស្សថ្នាក់ទី១២ ទាំងពីរវិទ្យាល័យ នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០១៥-២០១៦ ខាងមុខនេះ។
ក្នុងឱកាសចុះសំណេះសំណាលនោះដែរ លោក ហេង រតនា បានឧបត្ថម្ភគ្រូចំនួន១០នាក់ ដោយម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល, សិស្សថ្នាក់ទី១២ ដែលមករៀនបំប៉នសរុប២១៦នាក់ (ស្រី១២៥នាក់) ដោយម្នាក់ៗទទួលបានថវិកា ៥០០០រៀល និងសៀវភៅ៥០០ក្បាល។
នៅថ្ងៃដដែលនោះ នៅស្នាក់ការគណបក្សស្រុកលើកដែក លោក ហេង រតនា អនុប្រធានទី២ គណៈពង្រឹងស្រុក បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារយុវជនស្រុក សរុប២៤នាក់ (ស្រី៣នាក់) ដោយក្នុងឱកាសនោះ លោកបានថ្លែងគាំទ្រ និងលើកទឹកចិត្តដល់ ក្រុមការងារយុវជន ដែលបានខិតខំបំពេញភារកិច្ចកន្លងមក។
ទន្ទឹមនេះ លោកបានជំរុញឱ្យក្រុមយុវជន បន្តយកចិត្តទុកដាក់ គ្រប់គ្រងកម្លាំងយុវជន ធានាបានទាំងគុណភាព និងបរិមាណ និងបានជំរុញឲ្យក្រុមការងារយុវជន ត្រូវមានទីតាំងមួយ សមស្របសម្រាប់ជាទីបញ្ជាការរបស់យុវជន ហើយត្រូវរៀបចំវគ្គបណ្តុះបណ្តាលពង្រឹង សមត្ថភាពយុវជន ចំពោះមុខនេះគឺអំពីច្បាប់ និងនីតិវិធីនៃការបោះឆ្នោតឃុំ និងការចុះឈ្មោះបោះឆ្នោត។
ក្នុងឱកាសនោះ លោក ហេង រតនា បានឧបត្ថម្ភថវិកាដល់ក្រុមយុវជនស្រុក១លានរៀល សម្រាប់ចិញ្ចឹមចលនា និងអ្នកចូលរួម២៤នាក់ ម្នាក់២ម៉ឺនរៀល និង ឧបត្ថម្ភមន្ត្រីស្នាក់ការបក្សស្រុក៤នាក់ ម្នាក់ៗ៥០ដុល្លារ ។
បន្ទាប់មកទៀត លោក ហេង រតនា អមដំណើរដោយក្រុមការងារ បានចុះទៅសំណេះសំណាលជាមួយ សមាជិកសមាជិកបក្សឃុំ ចំនួន៤០នាក់ ដើម្បីស្តាប់នូវការសំណូមពររបស់ពួកគាត់។
ក្នុងឱកាសនោះ លោក ហេង រតនា បានទទួលយកសំណើ៣៖ ១-ផ្តល់ឯកសណ្ឋាន និង វិទ្យុទាក់ទងដល់ប្រជាការពារ, ២-ជួយស្ដារព្រែក និង៣-ធ្វើសំណើរទៅថ្នាក់លើ ចំពោះសំណើផ្លូវភ្ជាប់ពីលើកដែក ទៅកោះធំ។ លោកបានជំរុញឲ្យអាជ្ញាធរ យកចិត្តទុកដាក់ផ្សព្វផ្សាយ និងជំរុញ ប្រជាពលរដ្ឋធ្វើអត្តសញ្ញាណបណ្ណ័ ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន ៤លានរៀល ដល់គណបក្សឃុំសម្រាប់ចិញ្ចឹមចលនា
ឧបត្ថម្ភអ្នកចូលរួម២៧នាក់ ម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល។
ក្នុងថ្ងៃដដែលនោះដែរ នៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ លោក ហេង រតនា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក និងជាអនុប្រធានទី២គណៈពង្រឹងស្រុក បានអញ្ជើញចុះសួរសុខទក្ខ លោកតា លោកយាយចាស់ជរា និងគ្រួសារក្រីក្រចំនួន៥គ្រួសារ និងជូនអំណោយក្នុង១គ្រួសាររួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកា៣ម៉ឺនរៀល៕