(សៀមរាប)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារដែលជួបហេតុការណ៍ក្រឡាប់ផែ នៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកបន្ដទៀតថា បន្ទាប់ពីបានទទួលទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋាន លោកប្រធានគណៈកម្មាធិការសាខា បានចាត់ក្រុមការងារចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនផងដែរ។

ក្នុងនោះ លោក គុជ លីណា បានសម្ដែងនូវការសោកស្ដាយជាពន់ពេកចំពោះការក្រឡាប់ផែ ដែលបណ្ដាលឲ្យកូនតូចៗរងរបួល តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ហើយនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោកបានបន្ថែមថា អំណោយមនុស្សធម៌ដែលបាននាំយកមកជូននាពេលនេះ ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនដល់គ្រួសារក្រឡាប់ផែរួមមាន៖ អង្ករ៦០គីឡូក្រាម, មី២កេស, ត្រីខ២យួរ, ទឹកត្រី១យួរ, មុង១, ភួយ១, សារុង និងថវិកា៤០ម៉ឺនរៀលផងដែរ៕