(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តលើកទឹកចិត្តដល់វិស័យឯកជន ធ្វើការវិនិយោគលើផលិតកម្មស្រូវ-អង្ករ ឲ្យបានកាន់ច្រើន ដើម្បីសម្រេចបាននូវផែនការនាំចេញអង្ករឲ្យ ១លានតោនរបស់រាជរដ្ឋាភិបាល។

ការថ្លែងជំរុញលើកទឹកចិត្តដល់វិនិយោគិនបែបនេះ ធ្វើឡើងក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តដល់វិស័យឯកជន ដែលវិនិយោគលើផលិតកម្មស្រូវ-អង្ករ នៅក្នុងប្រទេសកម្ពុជា ឱ្យបានច្រើនជាងមុន ដើម្បីសម្រេចចក្ខុវិស័យនៃការនាំចេញអង្ករ ឱ្យបានមួយលានតោនរបស់កម្ពុជា ស្របតាមគោលនយោបាយ ស្ដីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ»

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករម្ពុជា បានថ្លែងនូវការស្វាគមន៍ និងគោរពថ្លែងអំណរគុណ ចំពោះសម្តេចនាយករដ្ឋមន្ត្រី ដែលបានយកចិត្តអំពាវនាវ ឲ្យមានការវិនិយោគលើវិស័យស្រូវអង្ករ កាន់តែច្រើន។

លោកអគ្គលេខាធិការបញ្ជាក់ថា បច្ចុប្បន្នរោងម៉ាស៉ីនកិនស្រូវ ខ្នាតមធ្យម និងធំ ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា មានចំនួន១៩៥រោងម៉ាស៊ីន ក្នុងនោះចំនួន៨០រោងម៉ាស៉ីន មានកម្រិតស្តង់ដារអន្តរជាតិអាចនាំចេញបាន។ រោងម៉ាស៉ីនទាំង១៩៥ អាចមានសមត្ថភាពកិនអង្ករបាន៣ម៉ឺនតោន និងសម្ងួតស្រូវបាន៥ម៉ឺនតោន ក្នុងមួយថ្ងៃ។

សូមជម្រាបថា ឆ្នាំ២០២១ កម្ពុជាបានចេញអង្ករជាង៦១ម៉ឺនតោន។ សម្រាប់រយៈពេល៩ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ក្នុងបរិមាណសរុបចំនួន ៤៤៩ ៣២៥ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៦.៩០ លានដុល្លារសហរដ្ឋអាមេរិក។

ដោយឡែកការនាំចេញស្រូវមានចំនួន ២,៣៥៧,៦៧៤ តោន ដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួនជា ៥៦៣.៥៤ លានដុល្លារសហរដ្ឋអាមេរិក ដែលនាំចេញទៅប្រទេសវៀតណាម នៅរយៈពេល៩ខែ ឆ្នាំ២០២២៕