(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងរំភើបចំពោះការលើកឡើងរបស់ក្មួយ រ៉េត ស៊ូហ្សាណា ដោយសម្តីក្លាហានទទួលស្គាល់ នូវការសម្រេចចិត្តរបស់អ្នកបោះឆ្នោត នៅក្នុងកម្មវិធី The Voice កាលពីរាត្រីយប់មិញ។
លោក ផៃ ស៊ីផាន បានថ្លែងបញ្ជាក់ប្រាប់ឲ្យដឹងថា ការសម្រេចចិត្តរបស់ក្មួយ ក្នុងការទទួលស្គាល់នៃការជ្រើសរើសរបស់មហាជន គឺជាសេចក្តីក្លាហាន ជាមួយនិងការគោរពនៃកិច្ចសម្រេចចិត្តរបស់អ្នកជ្រើសរើស ដែលជាឧទាហរណ៍ដ៏ឧត្តុងឧត្តមនិងជាគំរូមួយសម្រាប់ សម រង្ស៊ី និង កឹម សុខា។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងសារមកកាន់ Fresh News បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានឃើញទឹកភ្នែករបស់គ្រូបង្វឹក កញ្ញា ឱក សុគន្ធកញ្ញា ហើយខ្ញុំរំភើបចំពោះការលើកឡើងរបស់ ក្មួយ រ៉េត ស៊ូហ្សាណា ដោយសម្តីក្លាហានទទួលស្គាល់នូវការសម្រេចចិត្ត របស់អ្នកបោះឆ្នោត។ ការសម្រេចចិត្តរបស់ក្មួយ ក្នុងការទទួលស្គាល់នៃការសម្តែងមតិជ្រើសរើស របស់មហាជន គឺជាសេចក្តីក្លាហាន ជាមួយនិងការគោរព នៃកិច្ចសម្រេចចិត្តរបស់ អ្នកជ្រើសរើស ដែលជាឧទាហរណ៍ដ៏ឧត្តុងឧត្តម និងជាគំរូមួយសម្រាប់ សម រង្ស៊ី និង កឹម សុខា ដោយក្មួយស្រី ទទួលស្គាល់សមត្ថភាពរបស់ក្មួយ និងគោរពនូវលក្ខខណ្ឌ ក៏ដូចជាវិន័យរបស់ The Voice។
ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនហង្សមាស ដែលបានរៀបចំនូវកម្មវិធីនេះ គឺមិនត្រឹមតែជាការកំសាន្តមួយមុខប៉ុណ្ណោះទេ ក៏ប៉ុន្តែបានរៀបចំនូវលក្ខណៈប្រជាធិបតេយ្យមួយ ដែលបានស៊ីជម្រៅរួចស្រេចហើយនៅក្នុងសង្គមកម្ពុជា ដែលបានបញ្ជូលទាំងគណៈកម្មការបច្ចេកទេស (Coach) រួមជាមួយនិងមហាជន ដែលជាអ្នកចូលរួមទស្សនាកម្មវិធីនេះ។ ខ្ញុំក៏ចូលរួមសោកស្តាយជាមួយ កញ្ញា ឱក សុគន្ធកញ្ញា ផងដែរ ទោះជាកញ្ញា ស្រក់ទឹកភ្នែកយ៉ាងណា ក៏យើងត្រូវតែទទួលស្គាល់លទ្ធផល តាមលក្ខខណ្ឌដែលបានចែងស្រាប់។ ខ្ញុំក៏សូមប្រសិទិ្ធពរជូនដល់បេក្ខជន ដែលបានឆ្លងចូលដល់វគ្គបញ្ចប់»៕