(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទាំងមូល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសរុបចំនួន ១,៤១១នាក់។
សម្តេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ដឹកនាំដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ព្រមទាំងបានឧបត្ថម្ភថវិកាដល់រដ្ឋបាលក្រុង ស្រុក ក្រុមប្រឹក្សា ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីសរុបចំនួន ១៥,៣៦០លានរៀល។
ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ពូជស្រូវចំនួន ៣៤៦តោន អង្ករចំនួន ១៧៣តោន ត្រីខកំប៉ុងចំនួន ៣,៤៦០កេសធំ មីជាតិចំនួន ៣,៤៦០កេសធំ និងថវិកាចំនួន ៦៩២លានរៀល ជូនដល់ប្រជាកសិករចំនួន ៣៤,៦០គ្រួសារ មកពីស្រុកបរិបូណ៌ ស្រុករលាប្អៀរ ស្រុកជល់គីរី ស្រុកកំពង់ត្រឡាច និងស្រុកកំពង់លែង ចំនួន២៥ឃុំ ស្មើនឹង១២៥ភូមិ ដែលរងការខូចខាតដំណាំស្រូវដោយទឹកជំនន់ និងមានតម្រូវការស្ដារឡើងវិញ ជាពិសេសបានផ្ដល់បន្ថែមដល់រដ្ឋបាលខេត្ត អង្ករចំនួន៣០០តោន ដើម្បីត្រៀមបម្រុងទុកសម្រាប់ផ្តល់ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខេត្ត។
កាយវិការប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាបំផុត របស់សម្ដេចតេជោ ហ៊ុន សែន សរបញ្ជាក់ឱ្យឃើញនូវក្តីអាណិតអាសូរ និងគិតគូរអំពីសុខទុក្ខ នូវការលំបាករបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ។
ក្នុងនាមរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង និងចងចាំជានិច្ចនូវគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជារៀងរហូតតទៅ និងសូមគោរពបួងសួងដល់វត្ថុសាកសិទ្ធិ ក្នុងលោកសូមតាមបីបាច់ថែរក្សា ប្រសិទ្ធិពរជ័យ សិរីបវរមហាប្រសើរ វិបុលសុខ គ្រប់ប្រការសូមកើតមានដល់សម្ដេចទាំងពីរ ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រីរបស់សម្ដេច កុំបីឃ្លៀងឃ្លាតឡើយ៕