(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ពង្រឹងការផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលដឹកនាំកិច្ចប្រជុំ បានលើកឡើងអំពីបញ្ហាផ្សេងៗមួយចំនួន ដែលក្នុងនោះក៏មានបញ្ហាផ្តល់សេវាសាធារណៈនៅមូលដ្ឋានថ្នាក់ក្រោមជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំដូច្នេះថា៖ «រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវពង្រឹងការអនុវត្តតួនាទីរបស់ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់, ស្មៀនឃុំ សង្កាត់, ប្រធានភូមិ, ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់, និងប្រធាន មណ្ឌលសុខភាពឃុំ សង្កាត់ ដែលជាមន្ត្រីបង្គោលនៅមូលដ្ឋានឃុំ សង្កាត់ ក្នុងការអនុវត្តភារកិច្ចផ្ដល់សេវាសាធារណៈដោយផ្ទាល់ និងល្អប្រសើរជូនប្រជាពលរដ្ឋ»