(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីការត្រៀមខ្លួន ក្នុងការពង្រឹងការរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាម សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល អំពីលទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនក្នុងការពង្រឹងការរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងខណៈពេលដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ»។
សូមជម្រាបថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។
កិច្ចប្រជុំនេះ ត្រូវបានរំពឹងថា នឹងមានមេដឹកនាំប្រទេសសមាជិកអាស៊ាន (លើកលែងតែមីយ៉ាន់ម៉ា) រួមទាំងប្រទេសជាដៃគូនានា មកចូលរួមប្រជុំផ្ទាល់នៅក្នុងប្រទេសកម្ពុជា៕