(ភ្នំពេញ)៖ ក្រុមហ៊ុន DingLi industrial Development Co.,Ltd បានបើកសម្ពោធគម្រោង DingLi Sunshine City ជាផ្លូវការហើយ ដែលជាគម្រោងអភិវឌ្ឍសណ្ឋាគារកម្ពស់ ៣៧ជាន់ ក្រោមទុនវិនិយោគប្រមាណ១៤៥លានដុល្លារ ដោយរួមបញ្ជូលទាំងការិយាល័យជួល និងលក់ កន្លែងហាត់ប្រាណ មជ្ឈមណ្ឌលសិក្សាអប់រំ ព្រមទាំងភោជនីយដ្ឋានលំដាប់ខ្ពស់ផងដែរ។
ក្នុងពិធីសម្ពោធការដ្ឋានសាងសង់ ជាផ្លូវការនូវគម្រោង Ding Li Sunshine City ធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦។ លោក Liu Xue bing ប្រធានក្រុមហ៊ុនសណ្ឋាគារនេះ បានថ្លែងថា ការសាងសង់សណ្ឋាគារនេះ ត្រូវបានអភិវឌ្ឍន៍ឡើង ដើម្បីបង្កើតឱកាសវិនិយោគថ្មីមួយ ដែលល្អឥតខ្ចោះសម្រាប់អ្នក វិនិយោគទុន នៅក្នុងប្រទេសកម្ពុជា ព្រោះគម្រោងនេះ នឹងក្លាយទៅជាគម្រោងដំបូងបង្អស់ក្នុងប្រទេស ដែលវិនិយោគទៅលើសណ្ឋាគារ ដែលមានកម្ពស់ខ្ពស់ រហូតដល់៣៧ជាន់ ស្ថិតនៅតាមបណ្ដោយផ្លួវលេខ ២១១ សង្កាត់វាលវង់ ក្នុងទំហំដី១,៤៥១ម៉ែតការេ និងមានទុនវិនិយោគ ក្នុងរង្វង់ទឹកប្រាក់១៤៥លានដុល្លារ។
លោកបន្ដថា «អាគារកម្ពស់៣៧ជាន់នេះ គិតចាប់ពីជាន់ទី១ រហូតដល់ជាន់ទី៣ ជាភោជនីយដ្ឋាន និងហាងកាហ្វេដ៏ប្រណិត។ សម្រាប់ជាន់ទី៤ និងជាន់ទី៥ គឺជាមជ្ឈមណ្ឌលអប់រំ ដូចជាសាលាមត្តេយ្យ បន្ទប់កម្សាន្ត។ ពីជាន់ទី៦ដល់ជាន់ទី១៩ គឺសម្រាប់ការិយាល័យជួល ហើយនៅជាន់ទី២០ រហូតដល់ជាន់ទី៣៥ គឺជាបន្ទប់សណ្ឋាគារ និងសម្រាប់ជាន់ទី៣៦ ដល់ ជាន់ទី៣៧ គឺមានភោជនីយដ្ឋានដ៏ល្អប្រណិត ពិសេសជាន់ខ្ពស់បង្អស់ ក៏មាននូវអាងហែលទឹក និង Sky Bar ផងដែរ»។
លោកបន្ថែមថា លក្ខណៈពិសេស និងលេចធ្លោរបស់អគារនេះ គឺមានបំពាក់នូវប្រព័ន្ធ Smart Energy System ដែលជាប្រព័ន្ធមួយដែល ឈានមុខគេ នៅលើពីភពលោក ដោយប្រើនូវបច្ចេកវិទ្យាខ្ពស់ មួយសម្រាប់ការផ្លាស់ប្ដូរដំណើរ នៃចរន្ដអគ្គីសនី ដែលនឹងអាចសន្សំសំចៃ ភ្លើងរហូត៤០% និងការពារការប៉ះពាល់ដល់បរិស្ថាន នៅលើសកលោកផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន DingLi industrial Development Co.,Ltd នេះ ទើបតែចាប់ផ្ដើមសាងសង់នូវគម្រោង DingLi Sunshine City របស់ខ្លួនក្នុងដើមឆ្នាំ២០១៦តែប៉ុណ្ណោះ តែនឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថានពរ នៅដើមឆ្នាំ២០១៧ខាងមុខនេះ នឹងបង្ហាញភាព ទាក់ទាញយ៉ាងល្អឥតខ្ចោះ ជាមួយកម្ពស់៣៧ជាន់៕