(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ជំនន់ទឹកភ្លៀង និងទឹកធ្លាក់មកពីបណ្តាខេត្តនានានៅរដូវវស្សាឆ្នាំនេះ បានធ្វើឱ្យខូចដំណាំស្រូវប្រមាណ ១២,៣០៧ហិកតា។ ក្នុងចំណោមស្រូវដែលខូចនេះ អាចស្តារឡើងវិញ បានប្រមាណ ១១,៥៣០ហិកតា។

ក្នុងដំណើរចុះពិនិត្យទីតាំងរៀបចំពិធីចែកស្រូវពូជ និងសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រជាកសិករនាទីលានបាល់ទាត់ខេត្តកំពង់ធំ នៅរសៀលថ្ងៃសុក្រ ទី២៨​ ខែតុលា ឆ្នាំ២០២២នេះ លោក ងួន រតនៈ បានគូសបញ្ជាក់ថា ទឹកជំនន់នៅក្នុងខេត្តកំពង់ធំនៅឆ្នាំនេះ មានទំហំធំជាងបណ្តាឆ្នាំកន្លងទៅ។ លោកបានបញ្ជាក់ថា ទឹកជំនន់នេះ ធ្វើឱ្យប៉ះពាល់៩ក្រុង-ស្រុក ប៉ះពាល់ប្រជាពលរដ្ឋចំនួន ២៩,៣៣៦គ្រួសារ។ ក្នុងនោះជម្រៀសទៅកាន់ទីទួលសុវត្ថិភាពប្រមាណ ១,៥០១គ្រួសារ។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា ទឹកជំនន់នេះ ប៉ះពាល់ដំណាំស្រូវ ២៥,៣៩៥ហិកតា ខូចខាត ១២,៣០៧ហិកតា និងដំណាំរួមផ្សំ ១,៧៦៦ហិកតា ខូចខាត ១,២៥៦ហិកតា។

ពាក់ព័ន្ធការស្តារដំណាំស្រូវឡើងវិញ លោកអភិបាលខេត្ត បានឱ្យដឹងថា ក្នុងចំណោមដំណាំស្រូវដែលខូចខាតនេះ អាចស្តារឡើងវិញ បានប្រមាណ ១១,៥៣០ហិកតា ដោយត្រូវការស្រូវពូជចាំបាច់ប្រមាណ ៩៥៩តោន។ ក្នុងនោះលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធ បានប្រគល់ស្រូវពូជជូនប្រជាកសិករបានប្រមាណ ២៧៤តោនរួចហើយ។ ដោយឡែកស្រូវពូជជិត ៧០០តោនទៀត សម្តេចតេជោ ហ៊ុន សែន នឹងចែកជូនប្រជាពលរដ្ឋនៅថ្ងៃទី២៩ ខែតុលា។

លោក ងួន រតនៈ បានបញ្ជាក់ដែរថា ដោយសារតែស្រូវពូជដែលរាជរដ្ឋាភិបាលចែកជូនប្រជាកសិករជាប្រភេទស្រូវស្រាលមានអាយុមិនដល់ ១០០ថ្ងៃ ដូច្នេះការស្តារដំណាំស្រូវឡើងវិញ មិនប្រឈមនឹងការខ្វះខាតប្រភពទឹកសម្រាប់ផ្គត់ផ្គង់ស្រូវនោះឡើយ។

អភិបាលខេត្តកំពង់ធំ ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអន្តរាគមន៍យ៉ាងលឿនរហ័សលើការងារផ្តល់ស្រូវពូជនេះ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ការផ្តល់ស្រូវពូជបានលឿនរហ័សធ្វើឱ្យការស្តារដំណាំស្រូវរបស់ប្រជាពលរដ្ឋ នឹងទទួលបានផលល្អផងដែរ។

ពាក់ព័ន្ធនឹងជំនន់នៅក្នុងខេត្តកំពង់ធំនេះ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ពីកិច្ចអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋក្នុងកំលុងពេលទឹកជន់លិចផងដែរ។ កិច្ចអន្តរាគមន៍នោះ មានទាំងការជួយជម្លៀសពលរដ្ឋរកទីទួលសុវត្ថិភាព និងការផ្គត់ផ្គង់ស្បៀងអាហារផ្សេងៗ។

លោកអភិបាលខេត្ត បានឱ្យដឹងថា ដើម្បីឆ្លើយតប និងដោះស្រាយបន្ទាន់ រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ បានត្រៀមប្រចាំការ និងចុះពិនិត្យមើលទីតាំងដែលកំពុងតែប្រឈមនឹងគ្រោះទឹកជំនន់ជាប្រចាំ។ ក្រៅពីនេះ រដ្ឋបាលខេត្ត បានធ្វើការផ្សព្វផ្សាយដល់សាធារណជន និងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំ តាមរយៈការប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ដើម្បីឱ្យប្រជាជនមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈទុកជាមុន។ ព្រមទាំងបានជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសែន និងស្ទឹងស្ទោង ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមបង្ការចំពោះគ្រោះទឹកជំនន់។

លោក ងួន រតនៈ បន្ថែមថា ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ហើយទទួលរងដោយគ្រោះទឹកជំនន់ រដ្ឋបាលខេត្ត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចែកជូនគ្រឿងឧបភោគបរិភោគ ដែលជាស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល និងសប្បុរសជននានា ជូនប្រជាពលរដ្ឋបានចំនួន ១៥,៤៩៤គ្រួសារ។ ដោយឡែក លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុន្នី ក៏បានផ្ដល់ជូនថ្នាំពេទ្យចំនួន ១,០០០កញ្ចប់ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋផងដែរ។ ជាមួយនឹងការដោះស្រាយផលប៉ះពាល់នៃទឹកជំនន់ខាងលើ ពិសេសការដោះស្រាយជីវភាពជូនបងប្អូនដែលមានជីវភាពខ្វះខាត ជាគ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យខាងលើ សម្តេចតេជោ ក៏បានផ្ដល់អង្ករចំនួន ៣០០តោន និងថវិកាចំនួន ១៥ម៉ឺនដុល្លារបន្ថែមទៀតដើម្បីឱ្យរដ្ឋបាលខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បន្តផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយសារទឹកជំនន់៕