(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ជំហរដាច់ខាត ក្នុងការថ្កោលទោសចំពោះជនជ្រុលនិយម និងជនក្បត់ជាតិ សម រង្ស៉ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរលើ អង្គព្រះមហាក្សត្រ កាលពីពេលថ្មីៗនេះ។
ការប្រកាន់ជំហររបស់រាជរដ្ឋាភិបាល ត្រូវបានបញ្ជាក់ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ។
នៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីបញ្ហាផ្សេងៗមួយចំនួន ក្នុងនោះក៏មានការលើកឡើងអំពីការប្រមាថអង្គព្រះមហាក្សត្រ ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៉ី ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដាច់ខាតថ្កោលទោសចំពោះជនជ្រុលនិយមនិងជនក្បត់ជាតិ ដែលបានប្រមាថលើ អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា ដែលការប្រមាថនេះគឺជាទង្វើបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា "អង្គព្រះមហាក្សត្រមិនអាចមាននរណាមករំលោភបំពានបានឡើយ"»។ នេះបើតាម សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗ ក្នុងវេទិកាសាធារណៈមួយនៅក្រៅប្រទេស ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី បានបន្តជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ព្រះអង្គថាជា «ជនក្បត់ជាតិ»។ ទណ្ឌិត សម រង្ស៉ី បាននិយាយប្រមាថយ៉ាងដូច្នេះថា «ស្តេចសព្វថ្ងៃនេះ អត់មានមនសិការជាតិតែបន្តិចក៏អត់ដែរ បន្ទាប់ពី ហ៊ុន សែន ស្តេចស្រុកខ្មែរក្បត់ជាតិ ព្រោះយើងបំពេញបន្ថែមឱ្យគេ ក្បត់ជាតិពេញទីហើយ ព្រោះយើងកាត់ទឹកដីខ្មែរឱ្យបរទេស»។
ការប្រមាថអង្គព្រះមហាក្សត្រ បែបនេះ បានធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ អ្នកនយោបាយ រួមទាំងប្រជាពលរដ្ឋខ្មែរ ដោយបានចេញញត្តិថ្កោលទោសចំពោះ ទណ្ឌិត សម រង្ស៉ី៕