(ភ្នំពេញ)៖ ក្នុងឱកាសព្រះរាជពិធីដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ទូលព្រះបង្គំជាខ្ញុំ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ សូមព្រះបរមរាជានុញ្ញាត ធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ និងសូម លើកហត្ថទាំងទ្វេ ប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ព្រះបារមី ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញានក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះរាជសុខភាពបរិបូរ ព្រះរាជកាយពលវិបុលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់ពោធិសម្ភារសម្រាប់អាណាប្រជារាស្ត្រខ្មែរគ្រប់រូប និងសូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។

តាមរយៈសារលិខិតបង្គំទូលថ្វាយ សម្តេចពិជ័យសេនា ទៀ បាញ់ បានរៀបរាប់យ៉ាងដូច្នេះថា៖ «នាឱកាសដ៏មហាថ្លៃថ្លានេះ ទូលព្រះបង្គំ ជាខ្ញុំទាំងអស់គ្នា សូមសម្ដែងថ្វាយនូវកត្តញ្ញូកតវេទិតាធម៌យ៉ាងស្មោះ ស្ម័គ្របំផុត ចំពោះព្រះមហាករុណាទិគុណរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជានិច្ចកាលព្រះអង្គតែងបានបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម និងបានបូជាព្រះរាជកាយពលក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ។ ព្រមជាមួយនេះព្រះអង្គបានប្រោសព្រះរាជទាននូវព្រះរាជទ្រព្យយ៉ាងច្រើនជួយដល់ប្រជារាស្ត្រទូទៅ និងតែងយកព្រះរាជហឫទ័យទុកដាក់ជាទីបំផុតរាល់ព្រះរាជកិច្ចសង្គម នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយភាពសុខដុមរមនាសម្បូរសប្បាយ ថ្កុំថ្កើងរុងរឿងជូនប្រជារាស្ត្រទូទាំងប្រទេស។

ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្ត បួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យមានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះរាជតេជបារមី នៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ សូមជួយប្រោសព្រះរាជទានប្រសិទ្ធិពរជ័យ មហាប្រសើរ ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវភលើត្បូង ប្រកបដោយព្រះបរមសុខមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីបានគង់ប្រថាប់នៅក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំដល់ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា ព្រមទាំងប្រជារាស្ត្រខ្មែរអស់កាលជានិច្ចនិរន្តរ៍តរៀងទៅ។

សូម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈទ្រង់ព្រះមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា។ សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស»

សូមបញ្ជាក់ថា ថ្ងៃសៅរ៍ ៥កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ គឺជាខួបលើកទី១៨ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្ររបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះបរមរតនកោដ្ឋ បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤៕