(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី សូត្រមន្ត នៃអង្គព្រះកឋិនទាន វត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។
អង្គកឋិនទានសាមគ្គីនេះ មានការចូលរួមឧបត្ថម្ភពីសំណាក់ ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធ ដោយបានមូលមតិគ្នាជាឯកច្ឆន្ទ ផ្តួចផ្តើមធ្វើអង្គកឋិនសាមគ្គី ដើម្បីផ្សារភ្ជាប់វីស័យអាណាចក្រ ជាមួយពុទ្ធចក្រ ក្នុងការរួមចំណែកកសាងសមិទ្ធផលនានា នៅក្នុងវត្តនៃមូលដ្ឋាននីមួយៗ ដើម្បីលើកស្ទួយវិស័យសាសនា ជាសាសនារបស់រដ្ឋផងដែរ។
ពិធីបុណ្យបានប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺប្រព្រឹត្តទៅតាមគន្លង ទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយថ្ងៃដំបូងត្រូវមានពិធីក្រុងពាលី សូត្រមន្ត សម្តែងធម៌ទេសនា និងថ្ងៃបន្ទាប់គឺមានពិធីដង្ហែ អង្គកឋិនទានជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូបស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវ បទនមស្ការ ព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរពរំឭកដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ ។
បុណ្យកឋិនទានជាបុណ្យដែលមានកាលវេលាច្បាស់លាស់ មិនមែនចេះតែនឹកឃើញធ្វើបាននោះទេ ក្នុងន័យប្រគេនស្បង់ចីវរដល់ព្រះសង្ឃ រួមទាំងទ័យវត្ថុដែលជាតម្រូវការចាំបាច់សំរាប់ព្រះសង្ឃ ក្នុងឱកាសកាន់ព្រះវស្សារយៈពេល៣ខែ។
តាមពុទ្ធានុញ្ញាត ការធ្វើបុណ្យកឋិនទាន គឺព្រះសង្ឃដែលទទួលក្រាលគ្រង និងពុទ្ធបរិស័ទ្ធអ្នកផ្តើមធ្វើបុណ្យកឋិន គឺបានអានិសង្ឃ៥យ៉ាងដូចគ្នា គឺប្រាជ្ញាឆ្លាតវៃ, ពណ៌សម្បុរ ល្អ, ទ្រង់ទ្រាយល្អ, ក្លាយជាស្តេចចក្រពត្តិគ្រប់ៗជាតិ និងបានជួបសម្បត្តិ ៤គឺ៖សម្បត្តិមនុស្ស,សម្បត្តិទេវតា,សម្បត្តិព្រហ្ម និងសម្បត្តិព្រះនិពាន្វ តាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា ក្នុងមួយវត្តអាចដង្ហែរអង្គ កឋិនទានចូលបានតែម្តងគត់ក្នុងមួយរដូវដែលជាការជួយសម្រួលដល់ព្រះសង្ឃដែលជួបការលំបាកក្នុងការនិមន្តបិណ្ឌបាត្រ ក្នុងរដូវវស្សាផងដែរ៕