(ឧត្ដរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន នាំស្រូវពូជ និងស្បៀងសង្គ្រោះបន្ទាន់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជា ពលរដ្ឋចំនួន៧៣៣គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងរងការខូចខាតដំណាំស្រូវ នៅស្រុកត្រពាំងប្រាសាទ និង​ស្រុកអន្លង់វែង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

នៅក្នុង​ឱកាស​នេះដែរ លោក ប៉ែន កុសល្យ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ដោយក្ដីនឹករលឹ​កអាណិតអា​សូរក្រៃ​លែង ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេច​ទាំ​ងទ្វេរ តែងតែគិតគូរជានិច្ចអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើ​ញមកជួប​សំណេះ​សំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេច បានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យ​ស្វែ​ងរកប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហានានាដូចជា៖ គ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែក​ជូនអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះនោះ ឱ្យបានទាន់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានប្រាប់អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ ត្រូវរួមសាមគ្គីគ្នា ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់យើងឱ្យមានការរីកចម្រើន។ ពិសេសក្រោយស្ថានភាពទឹកជំនន់ ផ្លូវខ្លះនៅក្នុងមូលដ្ឋានរបស់យើងរងការខូចខាត ប៉ុន្តែកន្លែងខ្លះខូចខាតតិចតួចទេ ដូច្នេះ អាជ្ញាធរត្រូវដឹកនាំប្រជាពលរដ្ឋដឹកដីយកមកចាក់បំពេញ ដើម្បីកុំឱ្យផ្លូវយើងកាន់តែខូចធ្ងន់ធ្ងរជាហេតុធ្វើឱ្យមានការលំបាកក្នុងការធ្វើដំណើរ។

លោក ប៉ែន កុសល្យ ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ ដែលទទួលបានគ្រាប់ពូជស្រូវនាពេលនេះ ត្រូវយកគ្រាប់ពូជនេះ ទៅប្រើប្រាស់បង្កបង្កើនផលឱ្យចំទិសដៅ ព្រោះវាមានតម្លៃខ្លាំងណាស់ ជាទុនក្នុងរបរកសិកម្មរបស់យើងតទៅមុខទៀត ក្រោយដំណាំយើងត្រូវខូចខាតដោយទឹកជំនន់កន្លងទៅ ហើយចំពោះបច្ចេកទេសក្នុងការដាំដុះ ប្រជាពលរដ្ឋ អាចទំនាក់ទំនងជាមួយមន្ទីរកសិកម្មខេត្ត ដើម្បីឱ្យគេបង្រៀន។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវទៅពិនិត្យឈ្មោះបោះឆ្នោត និងណែនាំកូនចៅដែលគ្រប់អាយុឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕