(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ កំពុងមមាញឹកដំណើរការអ៊ុតកៅស៊ូថ្មី លើកំណាត់ផ្លូវ៥ខ្សែ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលគ្រោងនឹងសម្រេចឲ្យរួចរាល់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។
មន្ដ្រីមន្ទីរសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវនេះបានចាប់ដំណើរការតាំងពីថ្ងៃទី១៨ ខែតុលា ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែតុលានេះ។ ផ្លូវនេះធ្វើឡើងស្របគ្នាទាំងធ្វើគ្រឹះ, ចាក់អ៊ុត និងគូសគំនូសចរាចរណ៍ព្រមគ្នាតែម្ដង។
កំណាត់ផ្លូវទាំង៥ខ្សែនេះរួមមាន ផ្លូវជាប់ស្ថានទូតរុស្ស៉ី គិតចាប់ពីផ្លូវសុធារស់ ដល់ស្ពានហង្សកោះពេជ្រ ប្រវែង៧០០ម៉ែត្រ, ផ្លូវនៅមុខរដ្ឋសភា ដល់រង្វង់មូលសម្តេច ជួន ណាត ប្រវែង៦០០ម៉ែត្រ, ផ្លូវមុខរដ្ឋសភា, កំណាត់ផ្លូវសុធារស់ មុខព្រះបរមរាជវាំង, ផ្លូវលេខ១៨៤ ពីផ្លូវលេខ១៩ ដល់ផ្លូវព្រះស៊ីសុវត្ថិ ប្រវែង៥០០ម៉ែត្រ, ផ្លូវលេខ ២៤០ ពីមហាវិថីព្រះនរោត្តម ដល់តេរះវិថីព្រះស៊ីសុវត្ថិ មានប្រវែង៩០០ម៉ែត្រ, ផ្លូវព្រះសុរាម្រិត ដល់កែងវត្តឧណាឡោម ប្រវែង១,៥០០ម៉ែត្រ។
ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងដំណើរការជួសជុល កែលំអរផ្លូវជាច្រើនខ្សែ ក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកំពស់សោភណ្ឌភាពបរិស្ថាន រាជធានីភ្នំពេញ កាន់តែស្រស់បំព្រង ហើយលោកតែងណែនាំដល់មន្ត្រីជំនាញ ឲ្យយកចិត្តទុកដាក់កែលំអរ ជួសជុល ផ្លូវដែលមានជង្ហុកសំបុកមាន់ ឲ្យបានល្អប្រសើរឡើងវិញ ជាពិសេសស្របពេលដែលរាជធានីភ្នំពេញ និយាយដោយឡែក និងនិយាយជារួមកម្ពុជា កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័ ព្រមទាំងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ស៊ីហ្កេម នាពេលខាងមុខនេះ៕