(ស្វាយរៀង)៖ លោកស្រី ហុឹម ម៉ាលី សមាជិកក្រុមការងារថ្នាក់កណ្ដាល គណបក្សប្រជាជន ចុះជួយឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្ដួចផ្ដើមធ្វើបុណ្យមហាអង្គកឋិនទានសាមគ្គីមួយដង្ហែទៅវេរបច្ច័យស្បង់ជីវរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលមួយត្រីមាស (៣ខែ) ក្នុងពុទ្ធសីមានៅវត្តលក្ខរាជា ស្ថិតនៅក្នុង ឃុំកំពង់ចក ស្រុករំដួល ប្រមូលបានបច្ច័យជាង៤៥លានរៀល និងប្រាក់ដុល្លារ ២,៣០០ដុល្លារ។
អង្គកឋិនទានបានដង្ហែប្រទក្សិណជុំវិញព្រះវិហារ ដើម្បីដាឆ្លងសទ្ធារបស់ញាតិញោមពុទ្ធបរិស័ទ ដែលបានធ្វើបុណ្យតាមកន្លងប្រពៃណីព្រះពុទ្ធសាសនា។
លោកស្រី ហុឹមម៉ាលី បានថ្លែងថា បុណ្យកឋិនទាន គឺជាបុណ្យមួយដែលបានកំណត់យ៉ាងច្បាស់លាស់ ក្នុងចន្លោះ ២៩ថ្ងៃ គឺចាប់តាំងពីថ្ងៃ ១រោច ខែអស្សុជរហូតដល់ថ្ងៃ ១៥កើត ខែកត្តិក ដោយក្នុងមួយឆ្នាំ វត្តមួយធ្វើបានតែម្តង មិនថា អង្គឋិនតិច ឬច្រើនឱ្យតែចូលក្នុងថ្ងៃតែមួយ។
ជាមួយគ្នានេះ ព្រះគ្រូចៅអធិការវត្តលក្ខរាជា បានមានថេរៈដីកា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ហុឹមម៉ាលី និងក្រុមគ្រួសារ លោក លោកស្រី ញាតិញោម ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើបុណ្យមហាអង្គកឋិនទានដើម្បីដង្ហែមកកាន់វត្ត នៅពេលនេះដោយទឹកចិត្តជ្រះថ្លាដែលពុទ្ធបរិស័ទព្រមទាំងញាតិញោមទាំងអស់ ដែលមកពីជិត ឆ្ងាយមានទាំងក្នុងនិងក្រៅខេត្ត។
ព្រះអង្គបានមានថេរៈដីកាបន្តថា ការដែលយើងមានឱកាសបានធ្វើបុណ្យជួបជុំគ្នានៅពេលនេះក៏ដោយសារតែប្រទេសជាតិយើងមានសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕